ជប៉ុន តែងតែ​ឈរ​នៅ​ជាមួយ​ប្រទេស​កម្ពុជា លើ​ការអភិវឌ្ឍន៍​ប្រជាធិបតេយ្យ​​ ហើយ​ជប៉ុន ក៏​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​

(​ភ្នំពេញ​)៖ លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន បាន​គូសបញ្ជាក់ថា ប្រទេស​ជប៉ុន និង​កម្ពុជា មានការ​ភិ​វឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនាម​ជា​ដៃគូយុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១៣ ហើយ​ប្រទេស​ជប៉ុន តែងតែ​ឈរ​នៅ​ជាមួយ​ប្រទេស​កម្ពុជា លើ​ការអភិវឌ្ឍប្រជាធិបតេយ្យ​។

ប្រទេស​ជប៉ុន នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអភិវឌ្ឍរបស់​ប្រទេសជាតិ ក្រោម​ការឯកភាព​រប​ស់​ប្រជាជន​។ ប្រទេស​ជប៉ុន ក៏បាន​គាំទ្រ​ដល់​ការអភិរក្ស​ប្រាសាទ​អង្គរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយនឹង​បន្ត​គាំទ្រ​ការផ្លាស់ប្តូ​រលើ​វិស័យ​វប្បធម៌ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចម្រើន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន បានលើកឡើង​ដូច្នេះ កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ក្នុងជំនួប​ជាមួយ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​ស្តេច​គង់ប្រថាប់​បំពេញ​ព្រះរាជកិច្ច ក្នុងប្រទេស​ជប៉ុន ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​។​

​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បានលើកឡើងថា ស្ថិតក្នុង​ព្រះរាជសវនាការ​ដ៏​ឧត្តុង្គឧត្តម​នេះ ឯកឧត្តម Shinzo Abe នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ជប៉ុន បានទូល​ថ្វាយ​នូវ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​ព្រះរាជដំណើរ មកកាន់​ប្រទេស​ជប៉ុន​ក្នុងឱកាស​នេះ និង​បាន​ចូលរួម​អបអរសាទរ ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ ចំពោះ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​គម្រប់​ខួប​ទី​១៥ ឆ្នាំ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះអង្គ​។

​ឯកឧត្តម ក៏បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការទទួល​រងគ្រោះ​ធម្មជាតិ​ក្នុងប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​។

​ក្នុងពេលដែល​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​នូវ​ខួប​ទី៧​ឆ្នាំ​ការយាង​ចូល​ព្រះ​ទីវ​ង្គិ​ត នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឯកឧត្តម Shinzo Abe បាន​លើកឡើងថា «ព្រះករុណា ព្រះ​បរមរ​រន​កោដ្ឋ ព្រះអង្គ​មិន​ត្រឹមតែ​បាន​នាំមក​ជូន​កម្ពុជា នូវ​សន្តិភាព និង​ការអភិវឌ្ឍតែប៉ុណ្ណោះ​ទេ ប៉ុន្តែ ព្រះអង្គ បាន​បង្កើតឡើង​នូវ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា -​ជប៉ុន​»​។

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជឱង្ការ​ថា ព្រះអង្គមាន​មហា​ក​ត្តិ​យស​បាន​យាង​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ជា​ប្រវត្តិសាស្ត្រ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito ក្នុងឱកាស​នេះ និង​សូម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ ថ្វាយ​ដល់​ព្រះ​ចៅ​អិរាជ​។

​ព្រះអង្គ ក៏បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក និង​បាន​អបអរសាទរ​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ ដែល​កំពុង​ឈាន​ទៅមុខ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com