អាល្លឺម៉ង់ ចង់បើកការិយាល័យសភាពាណិជ្ជកម្មលើកដំបូងនៅកម្ពុជា  ស្របពេលក្រុមហ៊ុនអាល្លឺម៉ង់ចង់មកបណ្ដាក់ទុនកាន់តែច្រើន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា​​​ ឆ្នាំ២០១៩នេះ ឯកឧត្តម​ គ្រីស្ទាន ប៊ើកហ្គើ (Christian Berger) ឯកអគ្គរាជទូតអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ ចង់បើកការិយាល័យសភាពាណិជ្ជកម្មរបស់ខ្លួន ជាលើកដំបូងនៅរាជធានីភ្នំពេញ ឲ្យបានឆាប់ៗនេះ ក្រោយពីសង្កេតឃើញក្រុមហ៊ុនអាល្លឺម៉ង់កាន់តែច្រើនឡើង មានចំណាប់អារម្មណ៍ចង់មកបណ្ដាក់ទុននៅលើដែនដីសុវណ្ណភូមិនេះ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ក្នុងឱកាសចូលជួនសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព។

ឯកឧត្តម​​​ គ្រីស្ទាន ប៊ើកហ្គើ បានបញ្ជាក់ថា «ប្រទេសយើងទាំងពីរនៅមានសក្តានុពលយ៉ាងច្រើន ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺឥឡូវនេះជាសភាពពាណិជ្ជកម្មអាល្លឺម៉ង់ ចង់បើកការិយាល័យនៅប្រទេសកម្ពុជា ជាលើកដំបូង ដោយសារតែក្រុមហ៊ុនអាល្លឺម៉ង់មានការចាប់អារម្មណ៍លើសេដ្ឋកិច្ចកម្ពុជា គឺចង់មកបណ្ដាក់ទុននៅកម្ពុជា»។

ឯកឧត្តមបានសន្យាចំពោះប្រមុខដឹកនាំកម្ពុជាថា ឯកឧត្តមនឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះ​ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ​ ឯកឧត្តមផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា នៅពេលដែលឯកឧត្តម​ បានចូលរួមនៅបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជានេះសង្ឃឹមថា ឯកឧត្តម​ នឹងជួយជំរុញក្នុងការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម​ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះបេក្ខភាពប្រទេសអាឡឺម៉ង់ នៅអង្គការសហប្រជាជាតិកន្លងមក ជាពិសេស​ ឯកឧត្តមក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសអាល្លឺម៉ង់កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនោះ គឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេស​ ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «បច្ចុប្បន្ននេះ បើយើងក្រឡេកទៅមើលវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺមានការរីកចម្រើនយ៉ាងច្រើន ហើយកម្ពុជាក៏មានការនាំចូលពីអាឡឺម៉ង់ច្រើនដែរ ដូចជារថយន្តជាដើម ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរ ដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ»។​

សម្តេចតេជោ ហ៊ុន សែន​​​ បានមានប្រសាសន៍ទៀតថា កន្លងមកនេះ កម្ពុជាបានសម្រេចចិត្តទិញម៉ាស៊ីនភ្លើង ដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផល ដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរ ដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជា-អាល្លឺម៉ង់នេះ គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២០ ខាងមុខនេះ ហើយជាពេលវេលាមួយ ដែលសមស្របសម្រាប់ប្រទេសអាល្លឺម៉ង់ ធ្វើជាប្រធាននៃសហភាពអឺរ៉ុប ពីព្រោះនៅសហភាពអឺរ៉ុប គេមានធ្វើជាប្រធានប្តូរវេន ដូច្នេះ ប្រទេសទាំងពីរនឹងសហការគ្នា ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ។

ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថា នៅក្នុងអាណត្តិនេះ ឯកឧត្តមនឹងព្យាយាមជំរុញធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរបន្តនូវកិច្ចសហប្រតិបត្តិការល្អគ្នាជាបន្តទៀត។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង និងបានផ្តាំសួរសុខទុក្ខចំពោះលោកស្រីអធិការបតីអាល្លឺម៉ង់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com