TOP NEWS: ក្រោយ​ការចាប់ខ្លួន​ជនជាតិ​តួ​ក​គី​ម្ចាស់​សាលារៀន​ហ្សា​ម៉ាន់ តើ​សាលា​នេះ​ធ្លាក់​ទៅ​កណ្តាប់ដៃ​នរណា​កាន់កាប់​បន្ត​?

(​ភ្នំពេញ​)៖ លោក អូស្មាន់ កា​រា​ខា ជា​ជនជាតិ​តួ​ក​គី និង​ជា​អតីត​នាយក​សាលារៀន​ហ្សា​ម៉ាន់ មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តួ​ក​គី នៅក្នុង​រដ្ឋប្រហារ មិនបាន​សម្រេច នៅ​ទីក្រុង​អង់កា​រ៉ា កាលពី​ឆ្នាំ​២០១៦ បង្ក​ឡើង​ដោយ​ក្រុម​ចលនា​មួយ​ដឹកនាំ​ដោយ​លោក ហ្វេ​ធូ​ឡា ហ្គូ​ឡិន​។ មេ​ចលនា​នេះ ​បាន​រត់​ភៀសខ្លួន​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។ សមាជិក​នៃ​ចលនា​ធ្វើ​រដ្ឋប្រហារ​ បាន​ភៀសខ្លួន​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​។

​លោក អូស្មាន់ កា​រា​ខា អតីត​នាយក​សាលា​ហ្សា​ម៉ាន់ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ តប​តាម​ការស្នើសុំ​ដោយមាន​ឯកសារ​ភស្តុតាង​ពី​រដ្ឋាភិបាល​តួ​ក​គី ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​ចេញពី​ភ្នំពេញ ទៅកាន់​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​តួ​ក​គី បានបង្ហាញ​ភស្តុតាង​អំពី​ការចូលរួម​របស់លោក អូស្មាន់ កា​រា​ខា ក្នុង​រដ្ឋប្រហារ​មិន​សម្រេច កាលពី​ឆ្នាំ​២០១៦ នៅ​តួ​ក​គី​។ ដូច្នេះ កម្ពុជា ត្រូវតែ​ឲ្យ​គាត់​ទៅ​ទទួលទោស នៅ​ស្រុក​គាត់ ដោយ​ខាង​កម្ពុជា បាន​ចាប់ខ្លួន ហើយ​បានប្រគល់​ឲ្យ​តួ​ក​គី​។ កម្ពុជា ចាប់ខ្លួន​អតីត​នាយក​សាលា​ហ្សា​ម៉ាន់ តាម​សំណើ​របស់​តួ​ក​គី​»​។​

​សាលារៀន​ហ្សា​ម៉ាន់ បាន​បើក​អាជីវកម្ម​វិស័យ​អប់រំ​បណ្តុះបណ្តាល​ភាសា និង​ចំណេះ​ទូទៅ ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​ក្រោយមក​ក៏បាន​ក្លាយជា​សាកលវិទ្យាល័យ​។ កាលពី​ជាង​២​ឆ្នាំ រដ្ឋាភិបាល​គួ​ក​គី បានស្នើ​សុំ​មក​កម្ពុជា ឲ្យ​ពិចារណា​បិទ​សាលារៀន​នេះ ប៉ុន្តែ កម្ពុជា មិនអាច​អនុវត្តបាន​ទេ ដោយ​​ត្រូវ​គិតគូ​លើ​អនាគត​ការងារ​របស់​គ្រូបង្រៀន បុគ្គលិក និង​សិស្សានុស្សិស​ទាំងឡាយ​កំពុង​រៀន​។ អង្គភាព​ព័ត៌មាន Swift News មិន​ទទួលបាន​ព័ត៌មាន​លម្អិត​អំពី​ការលក់​-​ទិញ​ក្រុមហ៊ុន ឬ​ផ្ទេរ​ផ្ទូរ​យ៉ាងណាទេ ប៉ុន្តែ​ក្រោយមក សាលារៀន​ហ្សា​ម៉ាន់ បាន​ប្តូរ​ឈ្មោះ​ជា «​សាកលវិទ្យាល័យ អន្តរជាតិ ផា​រ៉ា​ហ្គ​ន​» ដោយមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ដោយ អនុក្រឹត្យ ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។

​យោងតាម​គេហទំព័រ​ក្រុមហ៊ុន​បានបង្ហាញ​ថា សាកលវិទ្យាល័យ អន្តរជាតិ ផា​រ៉ា​ហ្គ​ន ស្ថិតនៅក្រោម​ក្រុមហ៊ុន Paragon Education Company ដែលមាន​លោកជំទាវ ជា សុ​ផាក​ន្នី ជា​ម្ចាស់​និង​ជា​ប្រធាន​ក្រុមហ៊ុន​អប់រំ ផា​រ៉ា​ហ្គ​ន​។ លោកជំទាវ ជា សុ​ផាក​ន្នី គឺជា​កូនស្រី​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​ជា​ភរិយា​របស់​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន។​

សាកលវិទ្យាល័យ​អន្តជាតិ ផា​រ៉ា​ហ្គ​ន បច្ចុប្បន្ន​គ្រប់គ្រង​ដោយ លោក​សាស្ត្រាចារ្យ បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​នេះ​។ គេ​មិនទាន់​ដឹងថា តើ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ចំណូល​ចំណាយ​ក្នុង​ក្រុមហ៊ុន មាននៅ​ពាក់ព័ន្ធ​នឹង​ក្រុម​ជនជាតិ​តួ​ក​គី ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឬ​យ៉ាងដូចម្តេច​ទេ​?៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com