សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម 

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជួយជំរុញដល់ការលូតលាស់កាន់តែខ្លាំង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងឱកាសម្តេចទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំកម្ពុជានៅពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកអគ្គរាជទូតជប៉ុន អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានការកើនឡើងជាលំដាប់ ហើយសម្តេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានការកើនឡើងជាបន្តទៀតរួមទាំងការបណ្ដាក់ទុនពីអ្នកវិនិយោគជប៉ុនមកកម្ពុជាផងដែរ។

សម្ដេចតេជោ​ ចង់ឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេស លើការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណចំពោះប្រទេសជប៉ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៨០ និងការចូលរួមថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិកន្លងទៅនេះ។​ សម្ដេចបានបន្តទៀតថាកន្លងមកជប៉ុនក៏បានចូលរួមចំណែកក្នុងការផ្ដល់ជំនួយប្រទេសកម្ពុជាដូចជាការកសាងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការអភិវឌ្ឍនឹងធ្វើអោយកម្ពុជារីកចម្រើនផងដែរ។ បច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ ដោយសារតែកន្លងមកមានការផ្លាស់ប្ដូរនៃថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយលើសពីនេះទៅទៀតបច្ចុប្បន្នយើងមានការហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ផងដែរ។

ចំណែកឯកឧត្តម ឯកអគ្គរាជទូតជប៉ុនវិញ ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួបសម្តែងការគួរសមនាពេលនេះ។ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនជប៉ុនរងគ្រោះដោយសារព្យុះ កាលពីពេលថ្មីៗកន្លងទៅនេះ។

លើសពីនេះឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការយាងរបស់ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះ នរោត្ដម សីហមុនី យាងចូលរួមក្នុងការគ្រងរាជ្យថ្មី របស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុនកាលពីពេលថ្ងៃទី២២ ខែតុលា​​​ ឆ្នាំ២០១៩នេះ។

ឯកឧត្តម បានគូសបញ្ជាក់ថាបច្ចុប្បន្ន ទំនាក់ទំនងភាគីរវាងកម្ពុជា និងជប៉ុនគឺមានទំនាក់ទំនងល្អ។ ឯកឧត្តមបានគូសបញ្ជាក់ថាកន្លងមកកម្ពុជាបានឆ្លងកាត់នៅសង្រ្គាមសុីវិលក៏ប៉ុន្តែពេលនេះឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។ ប្រទេសជប៉ុននៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកនយោបាយ សេដ្ឋកិច្ចវប្បធម៌ រួមទាំងវិស័យផ្សេងៗច្រើនទៀត។

សម្តេចបន្តទៀតថា កម្ពុជានឹងបន្តអនុវត្តនូវនីតិរដ្ឋដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាពរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺការរក្សាសន្តិភាពអោយបានស្ថិតស្ថេរ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅតែបន្ត។

លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម​ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញកិច្ចសហប្រតិបត្តិការលើអនុតំបន់ និងអន្តរជាតិ ជាពិសេស គឺធធ្វើយ៉ាងណឲ្យប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន អាចបង្កើននូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាពិសេស សម្ដេចបានស្វាគមន៍ចំពោះការអញ្ជើញយុវជនពីប្រទេសកម្ពុជាទៅទស្សនកិច្ច ក៏ដូចជាសិក្សានៅប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត។

ឯកឧត្តម ឯកអគ្គរាជទូជប៉ុន បានមានប្រសាសន៍ពីអ្វី ដែលជប៉ុននឹងបន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេស គឺពាក់ព័ន្នឹងធការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ថា ជប៉ុននឹងបន្តជួយស៊ីម៉ាក់ ក្នុងការដោះមីននៅកម្ពុជាផងដែរ ហើយជប៉ុននឹងបន្តលើការផ្ដល់ជំនួយលើវិស័យថាមពលអគ្គិសនី និងធ្វើផែនការមេសម្រាប់កំពង់ផែស្វ័យយ័តទឹកជ្រៅ នៅខេត្តព្រះសីហនុ ដែលត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចង់ឲ្យជប៉ុនសម្រេចនូវផែនការមេនេះ ដើម្បីឲ្យទទួលបានជោគជ័យ មានន័យថា ធ្វើយ៉ាងណាដើម្បីឲ្យកប៉ាល់ធំៗ អាចចូលចតដោយផ្ទាល់នៅកំពង់ផែទឹកជ្រៅនេះតែម្ដង ដោយមិនចាំបាច់មានការផ្ទេរទៅតាមបណ្ដាប្រទេសជិតខាងឡើយ៕ (Swift News-ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com