​កម្ពុជា-ចិន​ ពិភាក្សាគ្នាកំណត់​ទីតាំងធ្វើសមយុទ្ធនាគមាស​ នៅឆ្នាំ២០២០ខាងមុខ​

(ភ្នំពេញ)៖ ទីតាំងសម្រាប់ធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពចិន អាចនឹងជ្រើស​រើយកទីលានបាញ់គ្រាប់ពិតតេជោ សែន ស្រុកជុំគិរី ខេត្តកំពត ដែលជាទីតាំងចាស់ ខណៈ ទីលានថ្មីរបស់កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ នាស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មិនទាន់រៀបរយនៅឡើយទេ។ នេះបើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ កម្ពុជា-ចិន ក្នុងជំនួបជាមួយលោក ចាង យ័ន សុង ( Zhang Yuang Song ) នាយសេនាធិការសម្ព័ន្ធអង្គរទ័ពលេខ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងជំនួយនេះ ភាគីទាំងពីរបានពិភាក្សាការងារអំពីរបៀបរៀបចំនៃសមយុទ្ធនាគមាសសម្រាប់ ឆ្នាំ២០២០ ខាងមុខនេះ និងកំណត់ទីតាំងសម្រាប់ធ្វើសមយុទ្ធ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជាការល្អគួរជ្រើសរើសយកទីលានបាញ់គ្រាប់ពិតតេជោសែន ក្នុងស្រុកជុំគីរី ខេត្តកំពត របស់កងពលតូចលេខ៧០ ដូចដែលភាគីទាំងពីរបានរួមគ្នាធ្វើពីរឆ្នាំមុនៗ ព្រោះទីតាំងនោះមានទីលានស្រាប់ និងកន្លែងស្នាក់នៅស្រាប់។ តែយ៉ាងណា នាយឧត្តមសេនីយ៍បានបញ្ជាក់ថា នឹងបន្តប្រជុំរួមពិភាក្សាគ្នានាថ្ងៃនេះបន្ថែមទៀត រវាងក្រុមការងារទាំងពីរភាគី ដើម្បីកំណត់ទីតាំងច្បាស់លាស់ នឹងជាក់លាក់ ដែលត្រូវធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពចិនជាមួយនឹងកម្ពុជា សម្រាប់ឆ្នាំ២០២០ខាងមុខនេះ។

កន្លងមកកងទ័ពកម្ពុជា និងចិនបានហ្វឹកហ្វឺនរួមជាមួយគ្នា រហូតឈានដល់ការធ្វើសមយុទ្ធរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាញជំនាញប្រយុទ្ធ បម្រើឱ្យកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌ ដែលគិតមកទល់ឆ្នាំ២០២០ខាងមុខនេះ មានចំនួន ៤លើកហើយ ដែលទទួលបានភាពជោគជ័យ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។ នេះបើតាមការឲ្យដឹងបន្ថែមពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ក៏បានសំណូមពរដល់ភាគីមិត្តចិន ឱ្យបន្តជួយបណ្ដុះបណ្ដាលធន​ធាន​មនុស្សនៃកងយោធពលខេមរភូមិន្ទបន្ថែមទៀត និងបានជូនពរដល់ដំណើរទស្សនកិច្ចការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ប្រតិភូកងទ័ពរំដោះប្រជាជនចិន ក្នុងការសិក្សាស្រាវជ្រាវរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០លើកនេះ បានប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com