តុលាការចេញដីកាឃុំខ្លួនបុរសចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធរឿងប្រើហិង្សាលើពលរដ្ឋខ្មែរនៅខណ្ឌទួលគោក

(ភ្នំពេញ)៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធករណីប្រើហិង្សាលើបុរសជនជាតិខ្មែរនៅខណ្ឌទួលគោក។ នេះបើយោងតាមប្រភពព័ត៌មានដែល Swift News ទទួលបាន។

ការឃុំខ្លួនជនជាតិចិនតៃវ៉ាន់ឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (គ្មានលិខិតឆ្លងដែន) មុខរបរ អាជីរវករស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ១០Mថ្មី បុរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា សមត្ថកិច្ចខណ្ឌទួលគោក បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ TSAI JIDA ហៅ ADA កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឃាត់ខ្លួនត្រូវចោទ បន្ទាប់ពីរូបគេ និងជនជាតិចិន ៣នាក់ទៀត នាំគ្នាវាយជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ជាជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ៦២៤ ផ្លូវ លេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច អំពើហិង្សារវាងក្រុមជនជាតិចិន និងខ្មែរ នេះបានផ្តើមចេញពីការបើករថយន្តវ៉ាជែង និងចុចស៊ីផ្លេឌឺដងគ្នា រហូតឈានដល់ហៅគ្នាឲ្យឈប់ និងវាយតប់គ្នានៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកើតហេតុ៕
(SWIFT NEWS ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com