ប្រមុខរដ្ឋាភិបាល​ ប្រាប់ឲ្យអាជ្ញាធរ​សហការជាមួយក្រុមយុវជន​ ដើម្បីសម្អាតទីក្រុង​

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសហការជាមួយក្រុមយុវជន ដើម្បីសម្អាតសំរាមទីក្រុង ធ្វើឲ្យប្រទេសជាតិមានបរិស្ថានស្អាតល្អ។

សម្តេចតេជា នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ កាលពីម្សិលមិញ បានមានប្រសាសន៍ អំពាវឲ្យពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងទាំងអស់ចូលរួមសម្អាតសំរាម ដើម្បីឲ្យប្រទេសជាតិមានសោភ័ណភាពស្រស់ស្អាតល្អ ជាពិសេសនៅក្នុងថ្ងៃបុណ្យ ឯករាជ្យ​ជាតិ និងបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា ២០១៩)។

នៅក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកខាងមុខនេះ សម្តេចតេជោ ហ៊ុន សេន បានសង្កត់ធ្ងន់នៅក្នុងរាជធានីភ្នំពេញ គឺសុំឲ្យសាលាក្រុងសហការជាមួយក្រុមសមាគមយុវជន ដូចជាយុវជនមកពីក្រសួងបរិស្ថាន, យុវជនស្រឡាញ់សន្តិភាព, យុវជនមកពីសហព័ន្ធយុវជន (សសយក), យុវជន ក្រុម២២ និងយុវជនក្រុមក្មេងវត្ត..។ល។ សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់សារជាថ្មីផងដែរថា កាលពីពេលថ្មីៗនេះ មានជនអនាមិកខិលខូចដែលបានផ្សាយរូបថតមានសំរាមនៅតាមមាត់ទន្លេ យកមកក្រឡៃថាជាសាររបស់សម្តេច ដែលអំពើនោះគឺជាការភូតកុហកបោកប្រាស់ប្រជាពលរដ្ឋទាំងស្រុង។

ជាថ្មីម្តងទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសសូមចូលរួមទទួលខុសត្រូវថែរក្សាសម្អាតទីក្រុង និងរស់នៅឲ្យមានអនាម័យ និងបរិស្ថានល្អ បើហូបអ្វីហើយ កុំបោះ​ចោល​ថង់ ឬបោះចោលសំរាមពាសវាលពាលកាល ដែលធ្វើអោយខូចណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសកុមារដែលងាយរងគ្រោះ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com