គប់ភ្លើងស៊ីហ្គេម២០១៩ ត្រូវរចនាម៉ូដ យកលំនាំតាមផ្កាម្លិះ (Sampaguita)

(ហ្វីលីពីន)៖គប់ភ្លើងដែលនឹងត្រូវប្រើសម្រាប់ការប្រកួតកីឡាស៊ីប្រចាំពីរឆ្នាំម្តងតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០១៩ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ត្រូវរចនាយកតាមបុប្ជាជាតិ ផ្កាម្លិះ Sampaguita។

លោក Ramon Suzara នាយកប្រតិបត្តិគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមហ្វីលីពីន (PHISGOC) បានពន្យល់ថា គប់ភ្លើងនេះជាការបញ្ជាក់ពីគោលដៅរបស់ហ្វីលីពីនក្នុងការជម្រុញកីឡាប្រចាំតំបន់នេះឱ្យដល់កម្រិតខ្ពស់ជាងគេ។

លោកបន្តថាគប់ភ្លើងស៊ីហ្គេមមានរាងជាផ្កាម្លិះនេះ តំណាងឱ្យភាពអត់ធ្មត់របស់ប្រជាជនហ្វីលីពីន។ វាតំណាងឱ្យវប្បធម៌ និងក្តីប្រាថ្នារូបរួមចំណោមប្រជាជាតិអាស៊ាន។

ម្លិះហ្វីលីពីន តំណាងឱ្យ មនុស្សធម៌ ភាពស្មោះត្រង់ បរិសុទ្ធ សន្យាចំពោះក្តីស្រឡាញ់ ស្វាគមន៍កក់ក្តៅ និងភាពស្ញប់ស្ញែង។

ក្រៅពីនេះ គប់ភ្លើងស៊ីហ្គេម ក៏បានរំលេចនូវរស្មីសូរិយា៨កាំ ដែលយកចេញពីទង់ជាតិហ្វីលីពីន។ កាំរស្មីនេះ តំណាងឱ្យរដ្ឋធានី និងខេត្តទាំង៨ ដែលរួមមាន ម៉ានីល ប៊ូឡានខាន់ ផាមផានហ្កា នើវ៉ាអេស៊ីចា តាឡាក់ ឡាហ្គូណា បាតានហ្កាស និងកាវីតេ ដែលដណ្តើមឯករាជ្យកំឡុងសម័យអាណានិគមអេស្ប៉ាញ។ ពន្លីនេះតំណាងឱ្យ អធិបតេយ្យភាព សមភាពសង្គម ឯករាជ្យ និងសាមគ្គីភាព។

ការរត់បណ្តាក់គប់ភ្លើងស៊ីហ្គេម និងដំណើរការមួយខែមុនស៊ីហ្គេមចាប់ផ្តើម ដោយចេញដំណើរពីទីក្រុងដាវ៉ៅ នៃកោះមីនដាណាវ បន្ទាប់មកទៅកាន់ទីក្រុងសេប៊ុ មុនដល់ទីក្រុងម៉ានីល។

ពីរដ្ឋធានីម៉ានីល គប់ភ្លើង នឹងធ្វើដំណើរទៅកាន់ទីក្រុង តាហ្កេតាយ ខេត្តកាវីតេ រួចត្រឡប់មកម៉ានីលវិញ មុនពិធីបើកផ្លូវការថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុង ក្លាក៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com