ថ្ងៃ​២៣​តុលា​នេះ ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ចុងក្រោយ នៅ​ឆ្នាំនេះ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ ជា​ថ្ងៃ​ខួប​គម្រប់ ២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ និង​ជា​ថ្ងៃ​ចុងក្រោយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ថ្ងៃ​២៣​តុលា ជា​ថ្ងៃ​បុណ្យជាតិ ត្រូវ​ឈប់សម្រាក​។​

​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ នៅតែមាន​ការបកស្រាយ​ខុសគ្នា​នៃ​អត្ថន័យ ថ្ងៃ​២៣​តុលា ដែលជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ធ្វើឡើង ដើម្បី​បញ្ចប់​វិបត្តិ​បែកបាក់​ផ្ទៃក្នុង​របស់​កម្ពុជា កាលពី​អតីតកាល​ដ៏​ជូរចត់ ក្រោយ​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម និង​សង្គ្រាមស៊ីវិល​។​

​ក្រុម​ជ្រុលនិយម​មួយចំនួន កំពុងតែបន្ត​ចិញ្ចឹមចិត្ត​ចង់បាន​ប្រយោជន៍​នយោបាយ​ពី​ស្រមោល​អតីតកាល នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។​

​ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ហត្ថលេខី ១​រូប ក្នុងចំណោម​ភាគី​កម្ពុជា ទាំង ៤ បាន​បញ្ជាក់ថា នៅពេលនេះ ជា​ពេលដែល​កម្ពុជា ត្រូវអនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ មិនមែន​ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ដូច​ការលើកឡើង​រប​ស់​ក្រុមប្រឆាំង​នោះទេ​។​

​ស្មារតី​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​រលាយ​ចូលក្នុង​ស្មារតី «​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​បានប្រកាស​ឲ្យ​ប្រើ​នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ដោយបាន​អនុវត្ត​រយៈពេល​ជាង ២០​ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន និង​តទៅ​អនាគត ដើម្បី​កម្ពុជា ធានាបាន​៖ គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​, ការគោរព​សិទ្ធិមនុស្ស ក្រោម​ស្មារតី​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អ​ព្យា​ក្រឹត្យ ដែល​ធ្វើ​ឲ្យ​កម្ពុជា បោះជំហាន ឆ្ពោះទៅមុខ​ប្រកបដោយ​កិត្តិយស ស្មើមុខស្មើមាត់​នៅលើ​ឆាក​អន្តរជាតិ​។

​រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ក្រុមមន្ត្រី​បក្សប្រឆាំង​វិញ បានប្រកាស​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​ទាំង ១៨ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ អន្តរាគមន៍​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអោយ​មានការ​គោរព​អោយបាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។​

​ក្នុងនោះ ក្រុម​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្សប្រឆាំង នៅ​កម្ពុជា ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍ ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សូម​រម្លឹកថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​ដោយ​ភាគី ៤ របស់​កម្ពុជា​គឺ​៖ ទី​១-​ភាគី​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទី​២-​ភាគី​ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ទី​៣-​ភាគីរ​ណ​ស្សិ​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន និង​ទី​៤-​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដឹកនាំ​ដោយ​លោក ខៀវ សំផន​។

​ក្រៅពីនោះ ក៏មាន​ប្រទេស ជា​ហត្ថលេខី​ចំនួន ១៨​ប្រទេស​ទៀត រួមមាន​៖ សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) គឺ​សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និង​ប្រទេស​រុស្ស៊ី​។ ចំណែកឯ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ រួមមាន​៖ ឥណ្ឌូណេស៊ី វៀតណាម ឡាវ ថៃ សឹង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ប្រុយ​ណេ​។ រីឯ​ប្រទេស ៤​ផ្សេងទៀត គឺ​ប្រទេស​ឥណ្ឌា ជប៉ុន កាណាដា និង​ប្រទេស​អូស្ត្រាលី​។

​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គូភាគី​ជម្លោះផ្ទៃក្នុង​កម្ពុជា បាន​រំលាយ​អស់​ទៅហើយ ដោយ​ខ្លះ ត្រូវបាន​រលាយបាត់​រូប​ទាំងស្រុង ដូចជា ភាគី​ខ្មែរក្រហម ឯ​ភាគី​ខ្លះទៀត បាន​ប្រែខ្លួន​ទៅជា​គណបក្សនយោបាយ មានដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​លោកតា​សឺ​ន​សាន​។ ចំណែកឯ​រដ្ឋ​កម្ពុជា បាន​ប្រែខ្លួន​ជា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា រហូត​បច្ចុប្បន្ន​។

​ក្នុងចំណោម​ភាគី​កម្ពុជា ជា​ហត្ថលេខី​ទាំង ៤ មកដល់​សព្វថ្ងៃនេះ នៅសល់តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​តួអង្គ​តែ​ម្នាក់​ប៉ុណ្ណោះ និង​កំពុង​ដឹកនាំ​ប្រទេស​។ រីឯ​ខ្មែរក្រហម គឺ​លោក ខៀវ​សំផន កំពុង​ជាប់ពន្ធនាគារ ដោយសារ​តុលាការ​កូនកាត់ បង្កើតឡើង​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ក្នុង​របប​ខ្មែរក្រហម​។ រីឯ​អង្គការ​ចាត់តាំង​ខ្មែរក្រហម ត្រូវបាន​រំលាយចោល កាលពី​ឆ្នាំ​១៩៩៨ ដោយសារតែ​ការចុះ​ចូល ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូម​រម្លឹកថា នៅ​ថ្ងៃ​២៣​តុលា ឆ្នាំនេះ គឺជា​ថ្ងៃ​ចុងក្រោយ​ហើយ ដែល​ថ្ងៃ​២៣​តុលា ជា​ថ្ងៃ​បុណ្យជាតិ និង​ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់ពី​ឆ្នាំ​២០២០ តទៅ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សំរាក ក្នុងនោះ ក៏មាន​ការលុបចោល​នូវ​ថ្ងៃ​រំលឹក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះដែរ​។

​ការលុបចោល​ថ្ងៃ​២៣​តុលា ពីថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល អនុវត្ត​ម្តង​រួចមកហើយ កាលពីមុន​សម្តេចព្រះ នរោត្តម សីហនុ យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០១២​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃ​២៣​តុលា ជា​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក​ឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com