សម្តេចតេជោ ហ៊ុន សែន អបអរសាទរ​ខួប ២៨ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ​ក្រុងប៉ារីស ២៣​តុលា​

(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជា​ខួប ២៨ ឆ្នាំ (២៣​តុលា ១៩៩១-២៣​តុលា ២០១៩) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស។​ នៅព្រឹកថ្ងៃទី២៣តុលានេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរខួប ២៨ឆ្នាំ នៃកិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣តុលា។

ក្នុងសំណេរលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «២៨ ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ីនប៉ិច ដែល​តំណាង​ដោយសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយលោក សឺ​ន សាន និងក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​ តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​ ដែល​មកពី​ ១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ផងដែរ​ថា មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)​។ ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​

​ទោះបី​មាន​កិច្ចព្រមព្រៀង សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​ នៅ​កម្ពុជា ​នៅ​បន្ត​ ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។ ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ ១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស ​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​។​

​ចុងបញ្ចប់នៃសារនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា ​ក្នុង​ថ្ងៃ​ខួប​២៨ ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ប៉ារីស​ ថ្ងៃនេះ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com