សម្តេចតេជោ ហ៊ុន សែន ​សម្រេច​ដក​ថ្លៃសេវា​ប្រមូល​សំរាម ចេញពីវិក្កយបត្រ​ថ្លៃសេវា​អគ្គិសនី ចាប់ពីថ្ងៃទី០១មករា ឆ្នាំ២០២០ ​តទៅ​

(ភ្នំពេញ)៖ បន្ទាប់ពីសម្រេចដកយក​ក្រុមហ៊ុន សំរាម ស៊ិន ទ្រី យកមកឲ្យរដ្ឋគ្រប់គ្រងវិញ នៅមុននេះ​បន្តិច ពោលគឺនៅព្រលប់​ថ្ងៃទី២២តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថ្លៃសេវាប្រមូលសំរាម ចេញពីវិក្កយបត្រ​ថ្លៃសេវាអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០​ តទៅ។

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះសារនៅទំព័រ Facebook ផ្លូវការ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ យ៉ាង​ដូច្នេះ​ថា «ដោយក្តាប់បាន​នូវការលំបាករបស់បងប្អូន​ប្រជាពលរដ្ឋនៅ​រាជធានី​ភ្នំពេញ អំពីការដាក់ថ្លៃសេវាប្រមូលសំរាម​ក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃ សេវាប្រមូលសំរាមចេញ​ពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ»។

សម្តេចតេជោ បន្ថែមថា «យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខ នឹងត្រូវប្រើយន្តការផ្សេង​ជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន​​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និង​ដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋ ជាទីស្រឡាញ់​មេត្តាជ្រាបជាព័ត៌មាន»៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com