Breaking News៖ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដកយក​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី មកអោយ​រដ្ឋ​គ្រប់គ្រង​

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ក្នុងពេល​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត មកពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​កោះ​ពេជ្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ទៅលើ​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី ថា​ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដែល​ដល់ពេល​ត្រូវ​រដ្ឋ​ដក​យកមក​គ្រប់គ្រង​វិញ ហើយ​បើកឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយបាន​ល្អ​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ថា រាល់ថ្ងៃ​ឮ​តែ​ពលរដ្ឋ​និយាយ ​និង​រអ៊ូ​តែ​ពី​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី គឺ​ក្រុមហ៊ុន​នេះ​ គ្មាន​សមត្ថភាព​ធ្វើការ​តទៅទៀត​ទេ​។

សម្តេច​តេ​ជោ បាន​ចុះហត្ថលេខា​អោយប្រើ​ប្រាស់​ទីតាំង​៣​នៅក្រៅ​ក្រុង​ថែមទៀត​ដើម្បី​សម្រួល​ដល់​ការប្រមូល​និង​គ្រប់គ្រង​សំរាម តែ​ក្រុមហ៊ុន​នេះ​មិន​ធ្វើ​។ សម្តេច​តេ​ជោ​បាន​បន្តថា តាមពិត​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅ​អំឡុង​ឆ្នាំ ១៩៩៦​ឬ​១៩៩៧ ដែល​មកទល់​ពេល​នេះ គឺ​ជាង​២០​ឆ្នាំ​ហើយ​។ ពេលនោះ ផ្ទៃដី​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​តែ ៣០០​គម​ក្រឡា តែ​ពេលនេះ​ផ្ទៃដី​ក្រុង​បាន​កើនឡើង​រហូតដល់ ៦០០​គម​ក្រឡា ដែល​បានធ្វើអោយ​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​គ្មាន​សមត្ថភាព​ធ្វើ បាន​ទុក​សំរាម​គរ​ចោល​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​និង​អនាម័យ សោភ័ណ​ភាព​ទីក្រុង​។

សម្តេច​បានបញ្ជាក់​ច្បាស់​ថា ​រដ្ឋាភិបាល ​នឹង​ដកយក​ក្រុមហ៊ុន​នេះ ​មក​គ្រប់គ្រង​ រួមទាំង​បុគ្គលិក ហើយនឹង​ទូទាត់​សង​ទៅ​ក្រុមហ៊ុន​នូវ​អ្វី​ទាំងឡាយណា ​ដែល​ក្រុមហ៊ុន​ បាន​ចំណាយលុយ​ទិញ ​ដូចជា​ឡាន​ដឹក​សំរាម ​ជាដើម គឺ​មិនអោយ​ក្រុមហ៊ុន​ខាត​ទេ​។ ក្រោយពី​ដកយក​មក​គ្រប់គ្រង​ហើយ រាជរដ្ឋាភិបាល​ នឹង​បើកឱកាស​ដល់​ក្រុមហ៊ុន​យ៉ាងហោចណាស់​៤ រួមទាំង​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​ខ្លួនឯង ក៏មាន​សិទ្ធិ​ដាក់​ឯកសារ​ដេញថ្លៃ​ដែរ​។ ក្រុមហ៊ុន​មួយ មាន​សិទ្ធិ​ដេញថ្លៃ​តែមួយ​តំបន់​ទេ ។ រដ្ឋ​នឹង​កំណត់​បែង​ចែកជា ៤​តំបន់ អោយ​ក្រុមហ៊ុន​នីមួយៗ​គ្រប់គ្រង​ទៅតាម​តំបន់​របស់ខ្លួន​។

ទន្ទឹមនឹមនេះ សម្តេច​ក៏​ហាម​មិនអោយក្រុមហ៊ុន ដេញថ្លៃ​ប្រមូល ដឹកជញ្ជូនសំរាមទាំងនោះ ​បញ្ចូល​គ្នា​ជា​សម្ព័ន្ធ​បានឡើយ​។

ក្រោយពី​ការប្រមូល ​និង​គ្រប់គ្រង​សំរាម​បាន​ហើយ សម្តេច​តេ​ជោ​ ក៏មាន​គម្រោង ​ដើម្បី​កែច្នៃ​សំរាម​នេះ ​អោយទៅជា​អគ្គិសនី​ សម្រាប់​យកមកប្រើ​ប្រាស់ ​ក្នុង​រាជធានី​ភ្នំពេញ ទោះបី​ត្រូវ​ចំណាយ​ខ្ពស់​បន្តិច​ក្តី គឺ​រាជរដ្ឋាភិបាល​សុខចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អគិ្គ​សនី​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បញ្ជា​អោយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ធ្វើ​កិច្ចការ​នេះ​អោយបាន​ឆាប់​បំផុត​។ អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានផ្តល់​នូវ​ព័ត៌មាន ក៏ដូចជា​សំណូមពរ និង​មតិ​យោបល់​មកកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​យើង ​អោយ​កាន់​តែមាន​សោភ័ណភាព​ស្រស់ស្អាត​ល្អ អនាម័យ​ខ្ពស់ និង​បរិស្ថាន​ល្អ​៕​

អត្ថបទដែលជាប់ទាក់ទង