ទំហំសេដ្ឋកិច្ចខេត្តកែប​ កើនឡើងដល់ជាង​៥០លានដុល្លារ ​ស្មើ០.២០ភាគរយ ​នៃសេដ្ឋកិច្ចជាតិ​

(កែប)៖ យោងតាមការគណនារបស់អ្នកបច្ចកទេស ខេត្តកែប មានទំហំសេដ្ឋកិច្ច សរុបប្រមាណ​៥០.៧​លានដុល្លាអាមេរិក មានប្រមាណ០,២០% នៃសេដ្ឋកិច្ចជាតិទាំងមូល។ កំណើនសេដ្ឋកិច្ចមានប្រមាណ​៥,៦% នៅឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០១៨​មាន​ចំនួន១,២១៧ដុល្លា ទន្ទឹមនឹងឆ្នាំ២០១៧ មានតែចំនួនមានចំនួន១,១២៩.២ដុល្លាតែប៉ុណ្ណោះ។ នេះ​បើតាមការឲ្យដឹងពីឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ក្នុងកិច្ចប្រជុំនៅថ្ងៃទី២២ ខែតុលានេះ។

ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែទំហំសេដ្ឋកិច្ចខេត្តមានការកើនឡើងក៏ដោយ ក៏ខេត្តត្រូវយកចិត្តទុកដាក់លើវិស័យមួយចំនួនដូចជា សេវាកម្ម កសិកម្ម និងឧស្សាហកម្ម ព្រោះវិស័យទាំងនេះហើយ ដែល​ជម្រុញ​សេដ្ឋកិច្ចខេត្តកែប ឲ្យមានការរីកចម្រើនខ្លាំង។ ក្នុងឆ្នាំ២០១៨នេះ ផ្នែកសេវាកម្ម មាន​៥៤.០​% ផ្នែកកសិកម្ម មាន២៩.៧% និងផ្នែកឧស្សាហកម្ម មានតែ១៦.៣% ក្នុងការជម្រុញសេដ្ឋកិច្ចខេត្តឲ្យមានការរីកចម្រើន។

អភិ​បាលខេត្តបានឲ្យដឹងដែរថា ចំពោះអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត បានថយចុះផងដែរ គឺថយពី​ចំនួន​ ​១៤,៣៧% នៅឆ្នាំ២០១៥ មកត្រឹម ៤,៤៣% ក្នុងឆ្នាំ២០១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង