សម្តេចតេជោ ​សម្រេចឲ្យមានការវិនិយោគចំណតរថយន្តក្រោមដី ​៤ទៅ៥ជាន់ចុះទៅក្រោម​ នៅទីក្រុងភ្នំពេញ​

(ភ្នំពេញ)៖ ស្ទើររៀងរាល់ថ្ងៃ មានរថយន្តតូចធំចតពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់លើចញ្ចើមថ្នល់ និងលើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់ សម្រាប់រថយន្តបើកបរ ដែលបណ្តាលឲ្យកកស្ទះចរាចរណ៍ជាខ្លាំងនៅរាជាធានីភ្នំពេញ។

ដើម្បីដោះស្រាយសម្រួលលើបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមសម្រេចឲ្យមានការវិនិយោគពីវិស័យឯកជនកសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។ សម្តេចតេជោ បានប្រកាសបែបនេះ កាលពីព្រឹកថ្ងៃទី២២តុលា ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ។

សម្តេចប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះ​បរមរាជវាំងឡើយ។ ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួ​យ​នឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។ បើតាមសម្តេចតេជោ ចំណតរថយន្តក្រោមដីមិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងឲ្យកាន់តែស្រស់ស្អាត​មួយកម្រិតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង