ក្នុងរាជធានីភ្នំពេញ​ មានបញ្ហាកកស្ទះធំៗ​ពីរ ដែលត្រូវដោះស្រាយ​

(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ កាល​ពីព្រឹកថ្ងៃទី២២តុលានេះ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីបញ្ហាកកស្ទះធំៗពីរក្នុងរាជធានីភ្នំពេញ គឺ ១)បញ្ហាកកស្ទះសំរាម និង ២)បញ្ហាកកស្ទះចរាចរណ៍។

ចំពោះដំណោះស្រាយទី១ លើបញ្ហាកកស្ទះសំរាម គឺ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវ​នាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមទទួលខុសត្រូវសម្អាតសំរាមរបស់ខ្លួនឯងផ្ទាល់កុំចោល​ពាស​វាលពាសកាល។ ទន្ទឹមនឹងនោះ គឺរាជរដ្ឋាភិបាលបានសម្រេចដកយកក្រុមហ៊ុនសំរាមស៊ីនទ្រីមកគ្រប់គ្រង ហើយនឹងបើកឱកាសអោយក្រុមហ៊ុនមានសមត្ថភាពចំនួន៤ ចូលរួមដេញថ្លៃប្រមូល និងគ្រប់គ្រងសំរាមអោយមានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ។

ចំពោះដំណោះស្រាយទី២ ក្នុងការសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមសម្រេចអោយមានការវិនិយោគពីវិស័យឯកជនកសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ  រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។ ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះបរមរាជវាំងឡើយ។

ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។ ចំណតរថយន្តក្រោមដីមិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរ​ណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងអោយកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com