ឯកឧត្តម គួច ចំរើន៖ ទណ្ឌិត សម សង្ស៊ី​ កំពុងតែរៀបចំផែនការទុច្ចរិត ដើម្បីបង្កចលាចលសង្គម

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩​នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការញុះញង់ប្រជាជនឲ្យចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ទណ្ឌិត សម រង្ស៊ី គឺជាសកម្មភាពបង្កចលាចលសង្គមយ៉ាងពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឭកដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុថា «ដូច្នេះសូមកុំចាញ់បោកបុគ្គលនេះឲ្យសោះ។ យើងត្រូវរួមគ្នាការពារ​សន្តិភាព ស្ថិរភាពសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនថែមទៀត»។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងអាហារជូនប្រជាជនងាយរងគ្រោះក្នុងសហគមន៍មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តព្រះសីហនុ ចំនួន៣០០គ្រួសារ ក្នុងនោះក៏មាននិវត្តន៍ជនមួយចំនួនផងដែរ។

ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តឧត្តមព្រឹក្សា ហៅវត្តព្រែកក្រាញ់ ​ក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលក្រៅពីការផ្តល់ស្បៀងអាហារ ក៏មានការហូបអាហាររួមគ្នា ជាមួយប្រជាជនក្រីក្រ ប្រជាជនងាយរងគ្រោះ មនុស្សចាស់ កុមារ ជនពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងមន្ត្រីរាជាការចូលនិវត្តន៍ជាដើម។

ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទា ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងខេត្តព្រះសីហនុ។

ជាមួយនេះដែរ ឯកឧត្តមក៏បានបញ្ជាក់អំពីគម្រោងការក្នុងការស្ថាបនា និងជួសជុលផ្លូវចំនួន២៤ខ្សែឡើងវិញក្នុងចំណោមផ្លូវ៣៤ខ្សែ ដែលបានរងការខូចខាតនាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមការងារជំនាញកំពុងធ្វើការកិច្ចការនេះយ៉ាងសកម្មរាល់ថ្ងៃដើម្បីធ្វើឡើងវិញប្រកបដោយគុណភាពឆ្លើយតបនឹងការស្ថានភាពចរាចរណ៍នាពេលសព្វថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនេះក៏មានឧបសគ្គមួយចំនួនដែរ ដោយសារភ្លៀងនៅតែបន្តធ្លាក់ នាំឲ្យអ្នកជំនាញជួបការលំបាកក្នុងការធ្វើផ្លូវ។ តែយ៉ាងណាក៏ដោយ ស្របតាមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តមមានសុទិដ្ឋិនិយមថា ស្ថានភាពខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាបម្រុងរបស់រាជរដ្ឋាភិបាល និងថវិការរបស់ខេត្តខ្លះដែរ។

លោក សំ សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តព្រះសីហនុ មានគូសបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងសំណូមរស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកាត់បន្ថយភាពរងគ្រោះ និងងាយរងគ្រោះសំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនងាយរងគ្រោះ​​ ជនពិការ កុមារកំព្រា អនិតិជន ជនរងគ្រោះដោយសារសារធាតុញៀន អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ មន្ទីរសង្គមកិច្ច បានចូលរួមយ៉ាងសកម្មអនុវត្តការងារអាទិភាព។

លោកបានបង្ហាញការប្តេជា្ញចិត្តខិតខំបំពេញការងារជួយប្រជាជនងាយរងគ្រោះជាបន្តទៀត ដើម្បីធ្វើឲ្យស្ថានភាពជីវភាពពួកគាត់កាន់តែល្អប្រសើរ៕ (ខៀវ សាវុន)

អត្ថបទដែលជាប់ទាក់ទង