កម្ពុជាស្នើទៅស្ថាប័នជំនាញអន្តជាតិ ដើម្បីជួយវាយតម្លៃពីលទ្ធភាព ដែលអាចឲ្យយន្តហោះខ្នាតធំចុះចតនៅព្រលានយន្តហោះសៀមរាប

(ភ្នំពេញ)៖ កម្ពុជាកំពុងស្នើទៅក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទបុរាណ និងតំបន់ (ICOMOS) ដើម្បីជួយពិនិត្យ និងវាយតម្លៃទៅលើអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ដែលគម្រោងនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំ អាចចុះចត បន្ទាប់ពីអង្គការ ICC អង្គរ និងអង្គការ UNESCO បានវាយតម្លៃរួចរាល់ហើយ ដោយអះអាងថា មិនមានផលប៉ះពាល់ដល់រំញ័រប្រាសាទនោះឡើយ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងបានធ្វើការជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាលទ្ធភាពអនុញ្ញាតឲ្យយន្តខ្នាតធំ អាចចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប។

លោកបានបញ្ជាក់ថា កន្លងមកមានអ្នកចង់រៀបចំកញ្ចប់ទេសចរណ៍ផ្លូវឆ្ងាយពីតំបន់អឺរ៉ុបមកខេត្តសៀមរាប តែពួកគេត្រូវប្រើយន្តហោះខ្នាតតូច ដូច្នេះពួកគេមិនទទួលបានផលចំណេញ តែបើប្រើយន្តហោះខាតធំ គឺមិនអាចចុះចតបាន ដោយសារមានការហាមប្រាមទាក់ទងនឹងការរំញ័រ និងបញ្ហាបច្ចេកទេសមួយចំនួន។

សូមជម្រាបថា ICOMOS គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល ដែលត្រូវបានគេយកចិត្តទុកដាក់ក្នុងការអភិរក្សប្រាសាទបុរាណ និងទីតាំងនានារបស់ពិភពលោក។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ចុងក្រោយនេះ យើងបានទទួលការបញ្ជាក់ច្បាស់ពីអង្គការ ICC អង្គរ និងអង្គការយូណេស្កូ ដែលអះអាងថា អត់មានបញ្ហាប៉ះពាល់អ្វីទេដល់រំញ័រប្រាសាទ ដោយសារតែស្ថាប័នទំាងនេះបានសិក្សារួចអស់ហើយ»។

លោកអះអាងទៀតថា៖ «អាជ្ញាធរជាតិអប្សរា បានស្នើទៅអង្គការអន្តរជាតិ ICOMOS រួចហើយ ដើម្បីបញ្ជាក់ថា បើអត់មានបញ្ហាអ្វីទេ យើងអាចឲ្យយន្តហោះខា្នតធំចុះចតបាន ដូចជាប្រភេទ៣៣៣, ៧៤៧ និង៧៧៧។ យន្តហោះថ្មីនេះ វាមិនឮទេ គេ Clear រំញ័រចោលហើយ ហើយរំញ័រខ្លាំង គឺឡានក្រុងដែលបើកក្បែរប្រសាទទៅវិញទេ។ ឥឡូវនេះយើងចាំតែលិខិតពី ICOMOS ប៉ុណ្ណោះ។ តែវាកំពុងដំណើរការទៅមុខ»។

តាមលោក ថោង ខុន បានលើកឡើងថា ប្រសិនបើយើងអាចឲ្យយន្តហោះខ្នាតធំចុះចត បាននឹងទទួលបានភ្ញៀវទេសចរពីអឺរ៉ុបកាន់តែច្រើន ហើយពេលនោះយើងនឹងចំណេញកាន់ តែច្រើនដែរ ហើយនេះគឺអ្វីដែលយើងចង់បានយូមកហើយ។ ខណៈដែលអាកាសយានដ្ឋាន អន្តរជាតិថ្មី នឹងបញ្ចប់ការសាងសង់ពី៣ ទៅ៤ឆ្នាំទៀត។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា រយៈពេល៧ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣,៨៤លាននាក់ បានកើនឡើង១១,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទេសចរទៅទស្សនាខេត្តសៀមរាប មានប្រមាណ១,៣៩លាននាក់ បានថយចុះប្រមាណ៩,៧ភាគរយ ខណៈភ្នំពេញកើនឡើង២៧,៩ភាគរយ, តំបន់ឆ្នេរកើនឡើង៣១,៩ភាគរយ និងតំបន់អេកូទេសចរណ៍កើនឡើង៩,៤ភាគរយ។

របាយការណ៍ដដែលនេះ ឲ្យដឹងទៀតថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបរយៈពេល៧ខែ ក្នុងឆ្នាំនេះ មានប្រមាណជាង១លាននាក់ ពោលគឺបានថយចុះ៧,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com