ប.ស.ស រៀបចំវគ្គ​បណ្តុះបណ្តាល​ ស្តីពី ការពង្រឹង​សមត្ថភាព​លើ​អ្នកឯកទេស​ស្តារនីតិសម្បទា ផ្នែក​វេជ្ជសាស្ត្រ​ សម្រាប់​គ្រោះថ្នាក់​ការងារ

(ភ្នំពេញ)៖ លោក ធួ​ង សំណាង អនុប្រធាន​ការិយាល័យ​ស្តារនីតិសម្បទា​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប.ស.ស បាន​ចែករំលែក​នូវ​បទពិសោធន៍​ជំនាញ​មួយចំនួន ​ដល់​មន្ត្រី ​និង​បុគ្គលិក ​ដែល​រួម​ការងារ​ នៅក្នុង​ការិយាល័យ​ប្រមាណ​ជាង​ ២០​នាក់ បន្ទាប់ពី​លោក​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការពង្រឹង​សមត្ថភាព​លើ​អ្នកឯកទេស​ស្តារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​ សម្រាប់​គ្រោះថ្នាក់​ការងារ (Capacity-Building for Medical Rehabilitation Specialist against Industrial Accident) នៅ​សាធារណៈរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា រហូតដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩។

វគ្គបណ្តុះបណ្តាលនៅកូរ៉េ ​កន្លងមកនេះ រៀបចំឡើង​ដោយ​អង្គភាព​សេវាកម្ម​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ​(COMWEL)​នៃ​សាធារណៈរដ្ឋ​កូរ៉េ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ​(KOICA) ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​សមត្ថភាព​មន្ត្រី​និង​បុគ្គលិក ដើម្បី​ផ្តល់​សេវា​ស្តារនីតិសម្បទា​ដល់​សមា​ជិ​ក ប​.​ស​.​ស ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​។​

​ដោយឡែក ការ​​ចែករំលែក​នូវ​បទពិសោធន៍​ជំនាញ​មួយចំនួន ​ដល់​មន្ត្រី ​និង​បុគ្គលិក ​ដែល​រួម​ការងារ​ នៅក្នុង​ការិយាល័យស្តារនីតិសម្បទា​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប.ស.ស ​​បានធ្វើឡើង កាលពីថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​GB នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

​ខ្លឹមសារ​នៃ​ការចែករំលែក​នោះ ​រួមមាន៖ ការផ្តល់សេវា​ស្តារនីតិសម្បទា​ដល់ក​ម្ម​ករ ​ដែល​ស្ថិត​នៅក្រោម WCI (Workers Compensation Insurance)​ នៅក្នុង​ប្រទេស​កូរ៉េ គ្រប់គ្រង​និង​ផ្តល់​សេវា​ដោយ​អង្គភាព​សេវាកម្ម​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ​(COMWEL)​។​

ការផ្តល់សេវា​ស្តារនីតិសម្បទា ​ដែល​ធ្វើឡើង​នៅតាម​មន្ទីរពេទ្យ​ស្តារនីតិសម្បទា​របស់ COMWEL​ផ្ទាល់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការជួយ​កម្មករ​ដែល​ទ​ទួល​រងគ្រោះថ្នាក់​ការងារ។​ បន្ទាប់ពី​ទទួល​សេវា​ស្តារនីតិសម្បទា​វេជ្ជសាស្ត្រ​រួច ពួកគេ​អាច​វិលត្រឡប់​ទៅ​បំពេញការងារ​វិញ ឬ​ត្រឡប់​ចូលទៅក្នុង​សង្គម​វិញ​បាន​។

ចំពោះ​កម្មវិធី​ផ្តល់​សេវា​ស្តារនីតិសម្បទា​នៅ​ប្រទេស​កូរ៉េ​វិញ ​ចែកចេញជា​បី​ប្រភេទ ​គឺសេវា​ស្តារ​នីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​(Medical Rehabilitation), សេវា​ស្តារនីតិសម្បទា​ផ្នែក​សង្គម​( Social Rehabilitation and welfare), និង​សេវា​ស្តារនីតិសម្បទា​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ (Occupational rehabilitation)

– សេវា​ស្តារនីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​(Medical Rehabilitation) ជួយ​ដល់​កម្មករ​ដែល​ទទួល​រងគ្រោះថ្នាក់​ការងារ ដើម្បី​ស្តារឡើងវិញ​នូវ​មុខងារ​នៃ​រាងកាយ និង​ជួយ​កាត់បន្ថយ​នូ​វក​ម្រឹត​ពិការភាព​។​

– សេវា​ស្តារនីតិសម្បទា​ផ្នែក​សង្គម​( Social Rehabilitation and Welfare) ជួយ​ដល់​ជនពិការ​អាច​គ្រប់គ្រង​ការភ័យខ្លាច និង​ភាព​តានតឹង​ពី​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ការងារ និង​ដើម្បី​អាច​វិលត្រឡប់​ចូលទៅក្នុង​សង្គម​វិញ​។​

– សេវា​ស្តារនីតិសម្បទា​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ (Occupational rehabilitation) ជួយ​គាំទ្រ​ដល់​ជនពិការ​អាច​វិលត្រឡប់​ទៅ​បំពេញការងារ​វិញ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com