បុគ្គលិក កម្មករ ​កម្មការិនី ​ក្នុងគ្រឹះស្ថានឯកជនទាំងតូចនិងធំនឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ដូចជា​មន្ត្រី​រាជការ​​ក្នុង​វិស័យ​សាធារណៈ​ដែរ

(ភ្នំពេញ) ៖ បុគ្គលិក កម្មករ កម្មការិនី ដែលបាននឹងកំពុងបំរើការងារនៅក្នុងគ្រឹះស្ថានឯកជនទាំងតូចនិងធំនឹងទទួលបានប្រាក់សោធននិវត្តដូចជាមន្ត្រីរាជការក្នុងវិស័យសាធារណៈដែរ នៅចុងឆ្នាំ២០១៧ខាងមុខនេះ។

 

នេះបើតាមការបញ្ជាក់របស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៧ មេសាឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

 

ច្បាប់នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈក្រសួងការងារ អនុម័តរួចរាល់ហើយ ពោលគឺនៅចាំតែពេលអនុវត្តប៉ុណ្ណោះ ។ ការផ្ដល់ប្រាក់សោធននិវត្តដល់បុគ្គលិកក្នុងវិស័យឯកជននេះ នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការ នៅចុងឆ្នាំ២០១៧នេះ ដោយ មិនថា តែជាបុគ្គលិកក្នុងក្រុមហ៊ុនប្រភេទអ្វីនោះទេ ពោលគឺគ្រប់ប្រភេទក្រុមហ៊ុនអាជីវកម្ម ក្នុងវិស័យឯកជនទាំងអស់។

 

ចំពោះដំណើរការនៃការផ្ដល់ប្រាក់ចូលនិវត្ត ឬប្រាក់សោធននិវត្តនេះ ដូចគ្នានឹងដំណើរការនៃការផ្ដល់ប្រាក់សោធននិវត្តមន្ត្រីរាជការដែរ គឺអាស្រ័យទៅលើទំហំទឹកប្រាក់ និងប្រាក់ឈ្នួលរបស់កម្មករនិយោជិក។បុគ្គលិក កម្មករ កម្មការិនី ដែលមានអាយុ៦០ឆ្នាំ គឺមានសិទ្ធិចូលនិវត្ត ហើយត្រូវទទួលបានប្រាក់សោធននិវត្តពីបេឡាជាតិរបបសន្តិសុខសង្គម(បសស)។

 

បន្ទាប់មក (បសស) នឹងតម្រូវឱ្យបើកកុងធនាគារនៅអេស៊ីលីដា ដូច្នេះបុគ្គលិក កម្មករកម្មការិនីនឹងទទួលបានប្រាក់សោធននិវត្តជាប្រចាំខែ។

 

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះមន្ត្រីរាជការ ។ជាងនេះទៅទៀតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅបានគិតគូរខ្លាំងដល់បងប្អូនជា បុគ្គលិក កម្មករ កម្មការិនីក្នុងវិស័យឯកជនថែមទៀត ដោយរាជរដ្ឋាភិបាល មិនត្រឹមតែខំតំឡើងប្រាក់ខែដល់កម្មករប៉ុណ្ណោះទេ តែនៅបានបានសម្រេចអោយមានប្រាក់សោធននិវត្តជាប្រចាំខែ ដូចមន្ត្រីរាជការរបស់រដ្ឋថែមទៀត។

 

គួរបញ្ជាក់ផងដែរ ពិធីខាងលើត្រូវបានប្រកាសតែងតាំងប្រធានមន្ទីរការងារការ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ជូនលោក ជូន វុឌ្ឍី អនុប្រធានមន្ទីរការងាររាជធានីភ្នំពេញ ទៅ ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ជំនួស លោក នូ នីម ដែលត្រូវបានចូលនិវត្តន៍៕

photo_2017-04-27_13-29-49 photo_2017-04-27_13-29-59 photo_2017-04-27_13-30-14

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង