រដ្ឋមន្រ្តីទេសចរណ៍​ ឲ្យរៀបចំការសម្តែង​សិល្បៈនានា​​ពេលរាត្រី​នៅតំបន់​អង្គរ​

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ជំរុញឲ្យអាជ្ញាធរជាតិអប្សរាសិក្សារៀបចំឲ្យមានជាព្រឹត្តិការណ៍ កម្មវិធី ឬការសំដែងសិល្បៈនានានៅពេលរាត្រីនៅតំបន់អង្គរ។ នេះជាចំណុចមួយក្នុងចំណោមការងារសំខាន់ៗជាច្រើនដែលឯកឧត្តម ថោង ខុន បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ មន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីស្នើសុំការពិនិត្យ គាំទ្រ និងអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទៅលើឯកសារសំខាន់ៗស្តីពីការវិភាគស្ថានភាពទេសចរណ៍ លទ្ធផលកិច្ចពិភាក្សា និងការវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្ននៅសៀមរាបអង្គរ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងទិសដៅអនុវត្តរបស់អាជ្ញាធរជាតិអប្សរា។

ក្នុងកិចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
១- គាំទ្រចំពោះឯកសារសិក្សាដែលអាជ្ញាធរអប្សរាបានធ្វើបទបង្ហាញ ប៉ុន្តែស្នើឲ្យក្រុមការងារជំនាញរបស់អាជ្ញាធរអប្សរា ជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញនៃលេខាធិការដ្ឋានរបស់គណៈកម្មការអន្តរក្រសួងរៀបចំប្លង់មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (ដែលមានឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាប្រធាន) ដើម្បីពិនិត្យបំពេញបន្ថែមធាតុចូលថ្មីៗ អោយបានសមស្រប ជាក់ស្តែង និងស៊ីសង្វាក់គ្នា មុននឹងបញ្ជូនឯកសារប្លង់មេអភិវឌ្ឍន៍ទេស​ចរណ៍ខេត្តសៀមរាបនេះទៅ ICC-Angkor ដើម្បីពិនិត្យមានយោបល់ មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័ត នៅក្នងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។

២-ស្នើឲ្យអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចជាៈ
– ការជួសជុល និងស្ថាបនាផ្លូវនៅតំបន់អង្គរ និងតំបន់ជុំវិញអង្គរ
– ការគ្រប់គ្រងលំហូរទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក តាមប្រាសាទនានា (ដោយរៀបចំឲ្យមានជា Pavis) និងរៀបចំសហការឲ្យមានមានមគ្គុទ្ទេសក៏និយាយភាសាខ្មែរបន្ថែមទៀតផងដែរ
– ការបើកវគ្គវិក្រឹត្យការមគ្គុទ្ទេសក៏ទេសចរណ៍នៅតំបន់សៀមរាបអង្គរ
– ការគ្រប់គ្រងអ្នកលក់ដូរនៅតាមប្រាសាទ និងការគ្រប់គ្រងអនាម័យ សំរាម និងបរិស្ថានស្អាត
– ការតម្លើងប្រព័ន្ធ Internet, Wifi នៅតំបន់ប្រាសាទឲ្យបានឆាប់រហ័ស
– ការរៀបចំឲ្យមានមធ្យោបាយដឹកជញ្ជូនបៃតង (Green Transport) ដូចជា កង់ ម៉ូតូ រថយន្តប្រើអគ្គិសនី ជាដើម
– ការសិក្សារៀបចំឲ្យមានជាព្រឹត្តិការណ៍ កម្មវិធី ឬការសំដែងសិល្បៈនានានៅពេលរាត្រីនៅតំបន់អង្គរ

៣- ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបជម្រុញការស្ថាបនា និងជួសជុលផ្លូវនៅក្រុងសៀមរាប ការរៀបចំគ្រប់គ្រង អភិវឌ្ឍន៍ ដងស្ទឹងសៀមរាបអោយបានរហ័ស ការដាក់ភ្លើងបំភ្លឺ ការគ្រប់គ្រងសន្តិសុខ សណ្តាប់​ធ្នាប់ ចរាចរ អនាម័យ សំរាម និងបរិស្ថាន។ល។ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com