តំណាងអយ្យការខេត្តមណ្ឌលគិរីចោទប្រកាន់ឈ្មោះ ភួង កំសាន្ត ពីបទ រួមគំនិតក្បត់ជាមួយ សម រង្ស៊ី ក្នុងផែនការធ្វើរដ្ឋប្រហាររដ្ឋាភិបាល

(មណ្ឌលគិរី)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពី ការសម្រេចចោទប្រកាន់លើឈ្មោះ ភួង កំសាន្ត និងបក្ខពួក ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើជនត្រូវចោទ និងគូកន បានធ្វើឡើងបន្ទាប់ពីពួកគេធ្វើសកម្មភាពបង្ហោះសារលើបណ្តាញសង្គម Facebook កៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com