សុវត្ថិភាពរបស់កម្មករ និយោជិត និងអ្នកបើកបរ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែល ប.ស.ស. ត្រូវតែបន្តយកចិត្តទុកដាក់

(បន្ទាយមានជ័យ)៖ កម្មករ និយោជិត និងអ្នកបើកបរយានយន្ត សរុបប្រមាណជាង១០០នាក់ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានចូលរួមស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក នៅរោងចក្រ SC Wado Componente (Cambodia) Co.,LTD ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន់កូ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការរៀបចំដោយបេឡាជាតិរបបសន្តិសុខសង្គម។

នេះជាលើក២៤៣ គិតត្រឹមនព្វមាស ឆ្នាំ២០១៩ មានអ្នកចូលរួមសរុបប្រមាណជាង១៦៣១២នាក់ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកនាយកបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក- ប.ស.ស.) នៃបេឡាជាតិរបបសន្តិសុខសង្គម បានផ្សព្វផ្សាយអប់រំ អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត នៅតាមបណ្តាខេត្ត/ក្រុងនានា នៅទូទាំងប្រទេស។

តាមការលើកឡើងរបស់លោក ចាយ សំណាង អនុប្រធានការិយាល័យគោលនយោបាយ នៃ ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា ការរៀបចំឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយអប់រំខាងលើនេះ គឺក្នុងគោលបំណងឲ្យយអ្នកបើកបរយានយន្តដឹកកម្មករ និងដឹកនិយោជិត បានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផង ជាពិសេសយល់ដឹងច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជំរុញឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី លឹម សុខជា តំណាងអគ្គស្នងការនគរបាលជាតិ នៅក្នុងឱកាសនេះដែរ បានថ្លែងការកោតសរសើរ និងអរគុណចំពោះក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ដែលតែងតែចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ក៏ដូចជាកម្មករ និយោជិត ដែលនេះ ជាការួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់នូវករណីគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យកើតមានមកលើពួកគាត់។

លោកស្រីបានណែនាំ និងធ្វើការផ្តាំផ្ញើដល់កម្មករនិយោជិត ដែលបានចូលរួមស្វែងយល់ថ្ងៃនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយពាក់មួកសុវត្ថិភាព ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរ កុំផ្ទុកលើសចំណុះ ហាមវ៉ាជែងក្នុងសភាពផ្លូវចង្អៀត គឺធ្វើយ៉ាងណាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកុំឲ្យយមានគ្រោះថ្នាក់ចរាចរណ៍។ 

ចំណែកលោកវរសេនីយ៍ទោ សួន នីប៉ូ អនុប្រធានការិយាល័យ ទទួលបន្ទុកផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមនព្វមាស ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប នៅទូទាំងខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅជាង១៤០ករណី ហើយកត្តាចម្បងបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាអ្នកបើកបរផ្ទាល់ ដែលពេលខ្លះ គឺខ្វះការយោគយល់អធ្យាស្រ័យឲ្យគ្នានៅពេលបើកបរលើដងផ្លូវ។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ, តំណាងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ព្រមទាំងកម្មករ និយោជិត ជាច្រើននាក់ផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង