ប្រជាពលរដ្ឋចង់ឃើញលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការតឹងរឹងលើរីសត៣៦០ ដែលរំលោភយកចំណែកដីផ្លូវសាធារណៈ នៅក្នុងភូមិរបស់ពួកគាត់

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅក្បែរសណ្ឋាគារមួយ ឈ្មោះ រីសត៣៦០ (360 RESORT) ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននាំគ្នានិយាយរិះគន់ថា ម្ចាស់អាជីវកម្មនេះ កំពុងតែបំពានបម្រាមរបស់រាជរដ្ឋាភិបាល ដោយបន្តសាងសង់ផ្លូវរំលោភយកចំណែកផ្លូវសាធារណៈរបស់រដ្ឋ បង្កឲ្យផ្លូវកាន់តែរួមតូច ពិបាកធ្វើចរាចរណ៍ឆ្លងកាត់។

ប្រជាពលរដ្ឋបានអះអាងថា  ផ្លូវដ៏មានវ័យចំណាស់តភ្ជាប់ពីផ្លូវសេតេ ទៅកាន់វត្តលើ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានម្ចាស់រីសតរូបនេះ សាងសង់របងរឹងមាំរំលោភចូលចំណែកដីផ្លូវអស់ប្រមាណ៣ម៉ែត្រ ធ្វើឲ្យផ្លូវកាន់តែរួមតូចទៅៗ ហើយធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរទូទៅ ពិបាកធ្វើដំណើរឆ្លងកាត់ណាស់ ព្រោះផ្លូវតូចចង្អៀតពេក។

ប្រជាពលរដ្ឋទាំងនេះ បានរំឭកថា តបតាមសំណូមពររបស់ពួកគាត់ នាកន្លងមក អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​​​ និងសំណង់ ធ្លាប់មកត្រួតពិនិត្យដល់ទីតាំងផ្ទាល់ និងបានធ្វើកំណត់ហេតុឲ្យម្ចាស់សណ្ឋាគារនេះ បញ្ឈប់សកម្មភាពរំលោភយកចំណែកដីផ្លូវសាធារណៈ ប៉ុន្តែម្ចាស់រូបនេះនៅតែបន្តធ្វើរបងរឹងមាំយ៉ាងគឃ្លើនដដែល។

ពួកគាត់បានរៀបរាប់ថា មន្ត្រីជំនាញពាក់ព័ន្ធបានកសាងឯកសារ និងធ្វើកំណត់ហេតុស្របតាមបណ្តឹងរបស់ពួកគាត់ ហើយបានរកឃើញថា ម្ចាស់សណ្ឋាគារនេះ ពិតជាបានរំលោភយកចំណែកដីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែន។

ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ បានចេញលិខិតមួយច្បាប់ លេខ១៩៤៦ ដនស/អរប/នរប ផ្ញើជូនលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើអន្តរាគមន៍បើកផ្លូវលេខ១១២១៦ ដោយតភ្ជាប់រវាងភូមិ២ ក្នុងសង្កាត់លេខ៣ ទៅភូមិ៣ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ប្រយោជន៍សម្រួលដល់ការធ្វើដំណើរឆ្លងកាត់តំបន់នេះ ដែលមានផ្លូវតូចចង្អៀតស្រាប់។

ប៉ុន្តែ ទោះបីជារកឃើញថា ម្ចាស់រីសត៣៦០ ធ្វើរបងបំពានយកចំណែកដីផ្លូវសាធារណៈរបស់រដ្ឋយ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញម្ចាស់អាជីវកម្មខាងលើនេះ អនុវត្តតាមនៅឡើយទេ។

យោងតាមឯកសារ បានឲ្យដឹងថា ការស្នើសុំរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំខាងលើ គឺពិតជាត្រឹមត្រូវតាមច្បាប់ ព្រោះផ្លូវនេះត្រូវបានកំណត់នៅក្នុងប្លង់មេ តាំងពីដើមរៀងមក ប៉ុន្តែកន្លងមក អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់លោក យន្ត មីន មិនបានចាត់វិធានការច្បាស់លាស៊ណាមួយ ដើម្បីដោះស្រាយជូនពួកគាត់ឡើយ។

ប្រជាពលរដ្ឋកំពុងរងចាំមើលចំណាត់ពីលោក គួច ចំរើន ដែលជាអ្នកកាន់តំណែងបន្តពីលោក យន្ត មីន ថាតើនឹងចាត់វិធានការបែបណា?

ពាក់ព័ន្ធករណីនេះ លោក លី ឡេង អភិបាលក្រុងព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺបាននៅឡលយទេ ជុំវិញប្រជាពលរដ្ឋចោទម្ចាស់រីសតនេះថា បំពានយកចំណែកដីផ្លូវសាធារណៈរបស់រដ្ឋ រួមទាំងភាពយឺតយ៉ាវរបស់អាជ្ញាធរផងដែរ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com