អតីតបុគ្គលិកសារព័ត៌មានអាមេរិកកាំង ថាសេចក្តីថ្លែងការណ៍វិទ្យុអាស៊ីសេរី បង្រៀនមនុស្សឲ្យបំពានច្បាប់

(ភ្នំពេញ) ៖ អតីតបុគ្គលិកសារព័ត៌មានអាមេរិកកាំងមួយរូប នាព្រឹកនេះ បានថ្លែងប្រាប់ Swift News ដោយប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលកំពុងកែលម្អយករួចខ្លួន អះអាងថាខ្លួនឯងកំពុងជាអ្នកត្រឹមត្រូវនោះ កំពុងជម្រុញឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌ដទៃទៀត ឲ្យបំពានច្បាប់។

អតីតបុគ្គលិកសារព័ត៌មានអាមេរិកកាំងរូបនេះ បានលើកឡើងថា «មិនធ្លាប់មាន និងឮថា មនុស្សដែលធ្វើខុសច្បាប់ ជាអ្នកក្លាហាននោះទេ បើចឹងមានតែឲ្យមេដាយទៅចោរប្លន់ ថាជាអ្នកក្លាហានតែម្តងទៅ។ «វាមិនដែលធ្វើខុសច្បាប់ថាក្លាហានទេ ចឹងឲ្យមេដាយពួកចោរប្លន់ហ្មងទៅ ក្លាហានរហូតដល់ហ៊ានបាញ់សម្លាប់មនុស្ស»។

លោកបានចាត់ទុកសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីនោះថា ជាសេចក្តីថ្លែងការណ៍ឆ្កួត ព្រោះតែចង់បង្អួតខ្លួន (អាស៊ីសេរី) ហើយលោកបានចោទជាសំណួរថា ចឹងអ្នកកាសែតផ្សេងទៀត រួមទាំងបរទេសផងសុទ្ធតែអន់ឬ?  លោកថា សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីនោះ កំពុងជំរុញឲ្យមនុស្ស ឬ អ្នកសារព័ត៌មានបំពានច្បាប់។

កាលពីថ្ងៃទី២៦ ម្សិលម៉ិញនេះ វិទ្យុអាស៊ីសរី បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «[វា] ជារឿងហួសហេតុ ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញាធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ដោយសារការបំពេញការងាររបស់គាត់។ លោក ហួត វុទ្ធី ឬហៅ ជុន ច័ន្ទបុត្រ មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយទេ។ គាត់ក៏មិនបានបន្លំខ្លួន ឬក៏លាក់អត្តសញ្ញាណ ជាអ្នកសារព័ត៌មានរបស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។ ចំណាត់ការក្នុងពេលថ្មីៗ មកលើរូបគាត់បែបនេះ គឺ មានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរី ឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរដូវកាលបោះឆ្នោត។ យើងខ្ញុំនៅអាស៊ីសេរី ចាត់ទុកការគំរាមកំហែងបែបនេះ ជាករណីធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី វាក៏មិនអាចរំខាន ឬរារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ដែលក្លាហានមោះមុតក្នុងការបំពេញភារកិច្ចយកព័ត៌មានពិត ឥតលាក់លៀម និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរដែលត្រូវការព័ត៌មានពិត»។

អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា សេចក្តីថ្លែងការណ៍នោះ ដូចជាចេញលឿនពេក ដោយចោទប្រកាន់គេ និងលើកតម្កើងខ្លួនឯង ខណៈដែលលោក ជុន ច័ន្ទបុត្រ នៅមិនទាន់ត្រូវបានតុលាការចោទប្រកាន់ថា មានទោស ឬយ៉ាងណានៅឡើយនោះ។

តាមសេចក្តីថ្លែងការណ៍នោះ លោកចង់ឲ្យមានការពន្យល់នូវចំណុចមួយចំនួនដូចជា ថាមិនមានការបន្លំ ហេតុអ្វីក៏លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន បែរជាដាក់ខ្លួនជាជំនួយការរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទៅវិញ? តើស្ថាប័នអាស៊ីសេរីនេះ គ្មានអ្នកច្បាប់ទេឬ បានជាចេញសេចក្តីថ្លែងការណ៍គ្មានមើលមុខមើលក្រោយយ៉ាងដូច្នេះ? តើស្ថាប័ន និងថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ីសេរីគ្មានដឹងច្បាប់ ទម្លាប់ស្រុកទេស(កម្ពុជា)ទេឬយ៉ាងណា?

កាលពីថ្ងៃទី១៩ ខែមេសា លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបន្ទាយមានជ័យ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបាត់ដំបង បានចូលសួរសុខទុកសកម្មជនសិទ្ធិមនុស្សចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ហើយអមដំណើរដោយសហការី ឬជំនួយការ ចំនួនបីនាក់ ក្នុងនោះមានម្នាក់ឈ្មោះ ហួត វិទ្ធី ហៅ ជុន ច័ន្ទបុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរ បានចូលរួមក្នុងនាម ជាជំនួយការរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៕

 

photo_2017-04-27_13-49-31 photo_2017-04-27_13-49-41 photo_2017-04-27_13-49-52

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង