ក្រុមគ្រួសារសព​កម្មករសំណង់៣នាក់ ស្លាប់ដោយសារបាក់រន្ទាដំឡើងជណ្តើរយន្ត ក្នុងខណ្ឌដូនពេញ ទទួលអំណោយកាកបាទក្រហមកម្ពុជា​

(ភ្នំពេញ)៖ ក្រុមគ្រួសារកម្មករសំណង់៣នាក់ ដែល​បានបាត់បង់ជីវិតដោយសារបាក់រន្ទាដំឡើងជណ្តើរយន្ត ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩​ ទទួលអំណោយកាកបាទក្រហមកម្ពុជា​ ដើម្បីកាតបន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ក្រុមការងារដឹកនាំដោយឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ឲ្យនាំយកថវិកាចំនួន​៥លានរៀល​ និងគ្រឿងឧបភោគ-បរិភោគ​ ជូនដល់ក្រុមគ្រួសារជនរងគ្រោះនីមួយៗ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា​ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កម្មករ៣នាក់ មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ​២១ឆ្នាំ មានស្រុកកំណើតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិទន្លេរស ឃុំ ត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងឈ្មោះ ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងបី ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍រលំបាក់អន្ទារនេះ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូវក្តីតក់ស្លុតរន្ធត់​ចំពោះឧបទ្ទវហេតុ​កេីតឡេីង​ និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារសព​ ចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំង៣រូប បានចាប់កំណើតក្នុងសុគតិភព ​កុំបីឃ្លៀងឃ្លាតឡេីយ​៕ (ផាន់ អាណា)

 

អត្ថបទដែលជាប់ទាក់ទង