ព្រឹកនេះ! ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងពីកម្ពុជា ទៅចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជថ្មី របស់ជប៉ុន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានយាងចូលរួមពិធីរាជាភិសេក សោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុន។

ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិផ្លូវការ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។

ថ្វាយព្រះរាជដំណើរដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។

សូមជម្រាបថា ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំកន្លងមក៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com