ឯកឧត្តម ជា ចាន់តូ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិនៅសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

មហាសន្និបាតរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវបានរៀបចំឡើងប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃប្រទេសជាសមាជិក បានជ្រាបពីលទ្ធផលសម្រេចបាននានា បញ្ហាប្រឈម និងគោលដៅការងារអាទិភាព នៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។

គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំលើកទី៥២ នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយ និងផែនការការងារនៃការិយាល័យតំណាង នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅ IMF សម្រាប់ការពារផលប្រយោជន៍ និងសំឡេងប្រទេសជាសមាជិក ក្នុងការសម្រេចនានារបស់ IMF។

គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានជួបប្រជុំជាមួយប្រធាន និងថ្នាក់ដឹកនាំនាយកដ្ឋានអាស៊ីបាស៊ីហ្វិក និងនាយកដ្ឋានទីផ្សារទុន និងរូបិយវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនួយបច្ចេកទេសពី IMF។

គួរបញ្ជាក់ថា កន្លងមក IMF តែងតែបានផ្តល់ជំនួយបច្ចេកទេសមកកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។

គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំតុមូល រវាងថ្នាក់ទេសាភិបាល និងរដ្ឋមន្ត្រីអាស៊ាន ជាមួយនាយិកាថ្មីរបស់ IMF គឺលោកស្រី Kristalina Georgieva ដែលទើបឡើងកាន់តំណែង នាដើមខែតុលា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំនេះ មានគោលបំណងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន បង្ហាញពីបញ្ហាប្រឈមក្នុងបរិការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងពីតម្រូវការនានាទៅកាន់ IMF។

ឯកឧត្តម ទេសាភិបាល បានជម្រាបអង្គប្រជុំពីការរីកចម្រើន និងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណ IMF ដែលកន្លងមកបានរួមចំណែក ក្នុងសមិទ្ធផលដែលកម្ពុជាសម្រេចបាន តាមរយៈការបំពេញមុខងារ ភារកិច្ចរបស់ខ្លួន ជាពិសេស ក្នុងការតាមដាន វាយតម្លៃ និងផ្តល់អនុសាសន៍ល្អៗ ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម អគ្គទេសាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីយន្តការស្វប់សម្រាប់ឆ្នាំ២០១៩-២០២១ នៅក្នុងក្របខ័ណ្ឌអាស៊ាន។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពី២០០៥ មកក្នុងគោលបំណងបង្ហាញពីកិច្ចព្រមព្រៀង ជួយផ្តល់សន្ទនីយភាពឱ្យគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកអាស៊ាន សម្រាប់ពង្រឹងបណ្តាញការពារសុវត្ថិភាពហិរញ្ញវត្ថុអាស៊ាន។

ក្រៅពីនេះ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលាសន្និសីទ និងវេទិកានានា ដែលរៀបចំឡើង ដើម្បីបង្ហាញពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម លទ្ធផលនៃការស្រាវជ្រាវថ្មីៗ និងការចែករំលែកបទពិសោធន៍របស់ថ្នាក់ដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង