ក្រុមហ៊ុន​ Booking.com​ ពង្រីកការវិនិយោគ​នៅតាមទីផ្សារសំខាន់ៗ​ ដើម្បីជួយជំរុញ​ភ្ញៀវទេសចរមក​ខេត្តសៀមរាប​

(ភ្នំពេញ)៖ ក្រុមហ៊ុន Booking.com កំពុងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែម តាមរយៈការផ្សព្វ​ផ្សាយនូវកម្មវិធីកក់បន្ទប់ស្នាក់នៅដោយខ្លួនឯង (Application Booking.com)នៅតាមទីផ្សារសំខាន់ៗរួមមានប្រទេស ចិន អូស្រ្តាលី វៀតណាម ឥណ្ឌា ហ្វីលីពីន ។ល។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងលោក​ Angel Llull Mancas អនុប្រធានក្រុមហ៊ុន និងជាអគ្គនាយកក្រុមហ៊ុន Booking.com ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី ជាមួយកញ្ញា អៀង គឹមលី អនុប្រធានយកដ្ឋានសេវាស្នាក់នៅ និងម្ហូបអាហារ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្ត នៅថ្ងៃទី១៨ ខែតុលា។

ក្នុងជំនួបនេះ បានពិភាក្សាអំពីស្ថានភាពវិស័យទេសចរណ៍ទូទៅ និងជាពិសេសអំពីចរន្តចំណែកទីផ្សារសំខាន់ៗរបស់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន ដែលមកទស្សនាខេត្តសៀមរាប ។ ក្រុមហ៊ុន ​Boo​king.com នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ និងមន្ទីរទេស​ចរណ៍​ខេត្ត ក្នុងការពិនិត្យលទ្ធភាពដាក់បន្ថែមពត៌មានមួយចំនួននៅក្នុង Application Booking.com ដូចជា ព័ត៌មានគោលដៅទេសចរណ៍សំខាន់ៗ និងមធ្យោបាយធ្វើដំណើរ ដើម្បីជំនួយដល់ភ្ញៀវទេសចរក្នុងការសម្រេចចិត្តទៅទស្សនាផងដែរ។

ក្រុមហ៊ុនជឿជាក់ថា ការវិនិយោគនេះនឹងជួយជំរុញចរន្តភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបអោយមានការកើនឡើង ដោយកម្ពុជាបច្ចុប្បន្នពឹងផ្អែកលើទីផ្សារគោលដៅខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង