គ្រាន់តែរឿងបើកឡានជែងគ្នាលើផ្លូវសាធារណៈសោះ បុរសចិនម្នាក់ត្រូវនគរបាលចាប់ខ្លួន ខណៈបុរសខ្មែរម្នាក់ត្រូវរងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកឃាត់ខ្លួនយកទៅសាកសួរ ពាក់ព័ន្ធករណីនាំបក្ខពួកទៅវាយបុរសខ្មែរឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ៦២៤ ផ្លូវ លេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (គ្មានលិខិតឆ្លងដែន) មុខរបរ អាជីរវករស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ១០Mថ្មី បុរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ជាជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជម្លោះហិង្សារវាងក្រុមជនជាតិចិនមានគ្នា ៤នាក់ និងក្រុមជនជាតិខ្មែរមានគ្នា ២នាក់ ផ្តើមចេញពីការបើករថយន្តវ៉ាជែង និងចុចស៊ីផ្លេឌឺដងគ្នា រហូតឈានដល់ហៅគ្នាឲ្យឈប់ និងវាយតប់គ្នានៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកើតហេតុ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទទួលគោក ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com