​កម្ពុជាជាប់លេខ៣​ ក្នុងការនាំចេញទំនិញទៅជប៉ុន​ រីឯជប៉ុនជាប់លេខ៩​ ក្នុងការនាំទំនិញ​មកកម្ពុជា​

(ភ្នំពេញ)៖ កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានសន្ទុះយ៉ាងខ្លាំងនៅប៉ុន្មា​នឆ្នាំចុងក្រោយនេះ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ហើយជប៉ុនជាប់ចំណាត់ថ្នាក់​លេខ​៩​ ក្នុង​ការនាំ​ទំនិញមកកម្ពុជា។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយរជាមួយលោក ARAI Hiroyuki ទីប្រឹ​ក្សា​ពិសេសនៃគណៈរដ្ឋមន្ត្រីជប៉ុន ទទួលបន្ទុកកិច្ចការទូទៅ។

ក្នុងជំនួបនេះដែរ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិ​យោគគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។ ឯកឧត្តម រំពឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់កម្ពុជាបន្តទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

លោក ARAI Hiroyuki បានកត់សម្គាល់អំពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីបំណងសំខាន់ៗចំនួន០៣ចំណុច ក្នុងជំនួបនាពេលនេះ រួមមាន៖

១. ចង់ឱ្យអ្នកវិនិយោគជប៉ុនសហការជាមួយអ្នកវិនិយោគកម្ពុជា មិនត្រឹមតែផលិតសម្រាប់តែការនាំចេញប៉ុណ្ណោះទេ គឺថែមទាំងផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាផងដែរ ដោយបង្កើនទំនុកចិត្ត និង​ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ស្លាកសម្គាល់រួម «ផលិតដោយជប៉ុន-កម្ពុជា នៅក្នុងប្រទេសកម្ពុជា»

២. បង្កើនកិច្ចសហប្រតិបត្តិការល្អ និងរិះរកវិធីសាស្ត្រការបង្កើនសហគ្រាសធុនតូច-មធ្យម (SMEs) ជប៉ុន និងកម្ពុជា ដោយជួលកម្មករជំនាញកម្ពុជាដែលមានជំនាញ និងបទពិសោធន៍ធ្វើការនៅប្រទេសជប៉ុនស្រាប់ឱ្យមកធ្វើការនៅក្នុងស្រុក ដើម្បីផលិតហើយលក់ក្នុងស្រុក សំដៅកាត់បន្ថយចំណាយលើការនាំចូល

៣. ជួយឱ្យកម្ពុជាទទួលបានចំណេះដឹងបន្ថែមពីអ្វីដែលបានសហការគ្នា និងពង្រឹងទំនាក់ទំនងឱ្យកាន់​​តែជិតស្និតជាមួយកម្ពុជា ពិសេសលើការបង្កើតឱ្យមានជំនួបវិនិយោគិន SMEs ជប៉ុន-កម្ពុជា ​ដោយ​សារ​តែទាំងនិយោជិក និងកម្មករជំនាញកម្ពុជាដែលកំពុងធ្វើការតាមបណ្តាក្រុមហ៊ុន/សហគ្រាស នៅប្រទេសជប៉ុនសព្វថ្ងៃចំនួនប្រមាណជា ១២,០០០ នាក់ នឹងក្លាយជាកត្តាមួយជួយជំរុញឱ្យអ្នកវិនិ​យោគជប៉ុនសម្រេចចិត្តមកបើកសហគ្រាសផលិត និងលក់រួមគ្នានៅកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង