ក្រុមបាល់ទាត់មិនអាជីពជាង៧០នឹងចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ២០១៩

(កម្ពុជា)៖ ក្រុមបាល់ទាត់ចេញពីស្រទាប់មហាជន និងយុវជន៧២ក្រុម នឹងចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជន Soccer League ២០១៩, នេះបើតាមការលើកឡើងរបស់ លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ Soccer League។

លោកបានបន្តថាការប្រកួតនេះមានការកើនឡើង១២ក្រុម បើប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៦០ក្រុមប៉ុណ្ណោះ។ លោកបន្តថាបានជាការប្រកួតនេះមានក្រុមចូលរួមច្រើន ព្រោះពាននេះស្វាគមន៍គ្រប់ស្រទាប់មហាជន ពិសេសយុវជន ដែលបច្ចុប្បន្នមានការចាប់អារម្មណ៍លើកវិស័យកីឡា ពិសេសកីឡាបាល់ទាត់។

មន្ត្រីជាន់ខ្ពស់នៃព្រឹត្តិការណ៍នេះ​​បន្តថា ពានរង្វាន់ Soccer League បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១២ ហើយនេះជាឆ្នាំទី៥។ ថ្ងៃទី២០ ខែតុលា  ក្រុមទាំង៧២នឹងដឹងថាខ្លួនត្រូវប៉ះក្រុមណា ក្នុងការចាប់ឆ្នោតបែងចែកពូលនៅសណ្ឋាគារសុខា។ ចំនែកពិធីបើកការប្រកួតផ្លូវការធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ខណៈពិធីបិទការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំំ២០១៩។

កន្លងមកផ្នែកមួយនៃការប្រកួតនេះ មានរៀបចំការប្រកួតមិត្តភាពចម្រុះតារា ដើម្បីកម្មវិធីសប្បុរសធម៌ផងដែរ។ ឆ្នាំ២០១៦កន្លងទៅ ក្រុមយុវជនពោធិសែនជ័យ គឺជាម្ចាស់ជើងឯក។

បាល់ទាត់ពានរង្វាន់ Soccer League ត្រូវរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ហើយឯកឧត្តម ស សុខា អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក ទទួលបន្ទុកក្តាប់រួម ក្នុងការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com