អ្នកសេដ្ឋកិច្ច ស្នើឲ្យរដ្ឋាភិបាលពិចារណាជួលដីរដ្ឋ នៅសេសសល់ជូនដល់ពលរដ្ឋក្នុងស្រុក ដើម្បីអភិវឌ្ឍនៅនឹងកន្លែង

(ភ្នំពេញ)៖ អ្នកសេដ្ឋកិច្ចស្នើឲ្យរាជរដ្ឋាភិបាល ពិនិត្យលទ្ធភាពពិចារណាជួលដីរបស់រដ្ឋ ដែលមិនពាក់ព័ន្ធនឹងតំបន់អភិរក្ស ទៅឲ្យប្រពលរដ្ឋក្នុងស្រុក នូវតម្លៃសមស្របណាមួយ ដើម្បីបង្កលក្ខណៈឲ្យពួកគាត់អាចបង្កបង្កើនផល ឬអភិវឌ្ឍជាតំបន់ទេសចរណ៍ ដែលអាចក្លាយជាកម្លាំងចលករសំខាន់មួយ ក្នុងការលើកស្ទួយជីវភាពប្រជាជន និងនិរន្តភាពសេដ្ឋកិច្ចជាតិយូរអង្វែង។

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានមានប្រសាសន៍ថា សព្វថ្ងៃដីទំនេរនៅប្រទេសកម្ពុជាមានច្រើនសម្រាប់បម្រើដល់សក្តានុពលសេដ្ឋកិច្ច តែពុំទាន់បានអភិវឌ្ឍ រីឯសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយចំនួន ក៏ហាក់ដូចមានភាពយឺតយ៉ាវ។

លោកបានបញ្ជាក់ថា ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរីកចម្រើនលឿន ប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលគួរតែពិចារណាជួលដី ឬលក់ដីរដ្ ឋដែលនៅសេសសល់ ជូនប្រជាពលរដ្ឋក្នុងស្រុក ជាលក្ខណៈគ្រួសារសម្រាប់អភិវឌ្ឍជាតំបន់ទេសចរណ៍ និងកសិដ្ឋានដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម ជាដើម ដែលអាចផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ច។ តែប្រសិនបើដីដែលនៅសល់នោះ ជាព្រៃស្រោង មានសត្វព្រៃរស់នៅ ត្រូវខិតខំថែរក្សា និងការពារទុកឲ្យបានគង់វង្ស។

ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចរូ​ប​នេះ មិនគាំទ្រចំពោះការវិនិយោគរបស់ជនបរទេស លើគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ក្នុងរយៈពេលវែងនោះទេ ព្រោះវាជាធនធានកម្ររបស់ជាតិ ហើយលោកគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចេញអនុក្រឹត្យ ដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយ  រយៈពេលកិច្ចសន្យានៃការវិនិយោគលើគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន ឲ្យមានរយៈពេលខ្លីជាងមុន។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ០១ ស្តីពី «គោលនយោបាយចាស់សកម្មភាពថ្មី» ដោយសម្រេចផ្អាកជា បណ្តោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ច កាលពីខែឧសភា ឆ្នាំ២០១២កន្លងទៅ តែផ្តល់ដីជូនពលរដ្ឋដែលកំពុងរស់នៅដោយគ្មានឯកសារ និងការអនុញ្ញាតតាមច្បាប់ត្រឹមត្រូវ ដែលស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទានរបស់រដ្ឋ និងប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ។

លោក ចាន់ សុផល បានលើកឡើងទៀតថា នៅប្រទេសថៃ, ម៉ាឡេស៊ី និងប្រទេសវៀតណាម រដ្ឋាភិបាលប្រទេសទំាងនេះ មិនមានគោលការណ៍ផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនធ្វើការវិនិយោគនោះទេ។ ជាក់ស្តែងនៅប្រទេសថៃ ផ្ទៃដីដាំដុះកសិកម្មភាគច្រើនលើសលប់ ជារបស់ប្រជាកសិករថៃកាន់កាប់ជាលក្ខណៈគ្រួសារ។

លោកបានបន្ថែមថា ការជួលដីជូនប្រជាពលរដ្ឋក្នុងស្រុកលក្ខណៈគ្រួសារ នឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍ គ្រប់គ្រង បង្កើតការងារ ព្រមទាំងជួយកាត់បន្ថយបញ្ហាវិវាទដីធ្លី និងកាត់បន្ថយការចំណាកស្រុកផងដែរ។

លោកបានលើកជាឧទាហរណ៍ថា «បើសិនជួលដីទៅឲ្យពលរដ្ឋមានលទ្ធភាពទំហំពី៥០ ទៅ១០០ហិកតា នោះគាត់នឹងមានលទ្ធភាពច្រើនក្នុងការអភិវឌ្ឍលឿន និងគ្រប់គ្រងបានដិតដល់ ហើយគាត់នឹងត្រូវការកម្លាំងពលកម្មក្នុងស្រុក តែបើជួលទៅឲ្យក្រុមហ៊ុនបរទេស អាចផ្តល់ប្រយោជន៍ច្រើនទៅជនបរទេស ហើយធ្វើឲ្យលំហូរមូលធនចេញច្រើនពីកម្ពុជាក៏ច្រើនដែរ»។

សូមរំឭកថា កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ១០១ក្រុមហ៊ុន ដោយដកហូតដីបានចំនួនជាង៧សែន ៤ម៉ឺនហិកតា។ ខណៈក្រុមហ៊ុនចំនួន២២៩ ត្រូវបានរាជរដ្ឋាភិបាលសម្រេច ឲ្យបន្តសុពលភាពលើផ្ទៃដីជាង១លាន ១សែន ៧ម៉ឺនហិកតា ស្ថិតនៅក្នុង១៩ខេត្ត ជាមួយនឹងការដាក់ចេញនូវវិធានមុតស្រួចមួយចំនួន ដែលឈានទៅដល់កាត់បន្ថយទំនាស់រវាងក្រុមហ៊ុនជាមួយប្រជាជនឲ្យបានជាអតិប្បរមា។

ដោយឡែកផ្ទៃដីដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា៦សែន ១ម៉ឺន ៩ពាន់ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង