ធនាគារពិភពលោក៖ ទេសចរបរទេសមកទស្សនាកម្ពុជា ចាប់ពីពីរដងមានតែជាង១៦ភាគរយ

(ភ្នំពេញ)៖ យោងតាមការសិក្សាមួយរបស់ធនាគារពិភពលោកបានបង្ហាញថា ជាង៨០ភាគរយនៃភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាគឺជាអ្នកទស្សនាជាលើកដំបូង ដោយសារគោលដៅទេសចរណ៍ និងការធ្វើពិពិធកម្មផលិត ផលទេសចរណ៍មានកំណត់ ដែលធ្វើឲ្យភ្ញៀវទេសចរមានប្រមាណតែ១៦,៥ភាគរយនៃចំនួនភ្ញៀវទេសចរបរទេស ចង់មកទស្សនាប្រទេសកម្ពុជាវិញ បើប្រៀបធៀបទៅនឹងប្រទេសថៃមានជាង៥០ភាគរយ។

ការសិក្សាមួយបានចង្អុលបង្ហាញថា ការមកទស្សនាម្តងទៀតរបស់ភ្ញៀវទេសចរបរទេសអាច បណ្តាលមកពីកត្តាជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងការពេញចិត្តជាមួយការស្នាក់នៅ, ការដើរទិញឥវ៉ាន់, ភោជនីយដ្ឋាន និងអាហារ និងអាកប្បកិរិយារបស់ប្រជាជនក្នុងស្រុក ដែលជាទូទៅមានភាពរួសរាយ និងការកម្សាន្តសប្បាយជាដើម។

នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ បានកើនឡើងជាង១១ភាគរយ បើធៀបកាលពីឆ្នាំ២០១៧។ ខណៈប្រទេសថៃ បានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាន ៣៨,១លាននាក់ បានកើនឡើងជាង៧ភាគរយ នឹងរំពឹងថា នឹងកើនឡើងពី ៧,៥ទៅ១០ភាគរយ នៅឆ្នាំ២០១៩នេះ។

ដោយឡែកប្រទេសវៀតណាមវិញ នៅឆ្នាំ២០១៨ បានទទួលភ្ញៀវទេសចរបរទេសប្រមាណ ១៥,៤លាននាក់ បានកើនឡើងជាង១៩ភាគរយ។ របាយការណ៍ដដែលបញ្ជាក់ថា បើសម្លឹងមើលទីផ្សារទេសចរណ៍ប្រទេសក្បែរខាងកម្ពុជា ទាំង ពីរនេះរួមបញ្ចូលគ្នា គឺមានទំហំធំធេង តែកម្ពុជាទទួលបានតែចំណែកតូច និងថយចុះប៉ុណ្ណោះ។ តែជាលទ្ធផលកម្ពុជា ទទួលបានប្រមាណជាង១០ភាគរយ នៃចំនួនភ្ញៀវទេសចរសរុបដែលមកទស្សនាប្រទេសថៃ និងវៀតណាម។

នេះឆ្លុះបញ្ចាំងថា ភ្ញៀវទេសចរបរទេសមិនទាន់យល់ដឹងច្រើនពីសក្តានុពលរបស់កម្ពុជា ដែលធ្វើឲ្យប្រទេសនេះ នៅតែមិនទាន់ទទួលបានជោគជ័យខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តប្រទេសជិតខាងរបស់ខ្លួន។

របាយការណ៍ធនាគារពិភពលោកលើកឡើងទៀតថា បទពិសោធន៍មេរៀន នៅវៀតណាម ប្រហែលជាអាចអនុវត្តន៍បាននៅកម្ពុជា។ ប្រទេសវៀតណាមបានធ្វើយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីឆ្នាំ២០១៦មក ដែលការមកដល់នៃភ្ញៀវទេសចរបរទេសបានកើនឡើងក្នុងអត្រាខ្ពស់។

បញ្ហាសំខាន់ៗដូចជា ការកំណែទម្រង់ទូលំទូលាយ រួមទាំងការអនុវត្តច្បាប់វិស័យទេសចរណ៍, គោលនយោបាយអនុគ្រោះលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍, ការផ្តល់អាទិភាពសម្រាប់ការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងចាត់ទុកការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍ គឺជាផ្នែកមួយក្នុងចំណោមវិធានការសំខាន់ៗ ដែលបានជួយជំរុញវិស័យទេសចរណ៍របស់វៀតណាម។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យទេស ចរណ៍កម្ពុជា នាពេលបច្ចុប្បន្នពិតជាបោះជំហានក្រោយប្រទេសជិតខាង ជាពិសេសប្រទេសថៃ ហើយថា ការសិក្សារៀនសូត្រពីចំណុចខ្លាំងផ្នែកវិស័យនេះពីប្រទេសជិតខាង គឺជារឿងចំាបាច់មួយ។

តែយ៉ាងណាក៏ដោយ ឯកឧត្តមបានលើកឡើងថា កម្ពុជា ទើបតែទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយការទាក់ទាញភ្ញៀវទេសចរបរទេសបានក្នុង រង្វង់ជាង ៦លាននាក់របស់កម្ពុជានាពេលនេះ គឺអាចចាត់ទុកថា ភាពជោគជ័យធំធេងមួយ ព្រោះវិស័យនេះ បានរួមចំណែកក្នុង GDP ប្រមាណ១០ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្តមបានលើកឡើងទៀតថា នៅប្រទេសវៀតណាម វិស័យទេសចរណ៍រួមចំណែកប្រមាណតែ៧ភាគរយនៃ GDP ខណៈដែលប្រទេសនេះ មានប្រជាជនប្រមាណ ៩០លាននាក់។

ដោយឡែកប្រទេសថៃ មានប្រជាជនប្រមាណ ៧០ទៅ ៨០លាននាក់ និងជាប្រទេសដែលមានសុខសន្តិភាពរយៈពេលយូរឆ្នាំមកហើយ ដូច្នេះប្រទេសនេះ មានឳកាសអភិវឌ្ឍន៍បានច្រើន ក្នុងនោះរួមបញ្ចូលទាំងវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តមបញ្ជាក់ថា ចំពោះកម្ពុជា មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេស ចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ អេកូរទេសចរណ៍ និងធម្មជាតិ ជាពិសេសនោះ គឺប្រាសាទអង្គរវត្ត ដែលមានភាពទាក់ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញភពលោក។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រទេសកម្ពុជា មានប្រជាជនជាង ១៥លាននាក់ តែទាក់ទាញទេសចរអន្តរជាតិ បានជាង ៦លាននាក់កាលពីឆ្នាំមុន និងរំពឹងកើនឡើងពីរខ្ទង់សម្រាប់ឆ្នាំនេះ ដែលនេះជាមោទនភាពសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមថ្លែងថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ពិសេស ក្នុងគោលបំណងធ្វើឲ្យបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានកាន់តែច្រើន ស្នាក់នៅបានយូរ និងមកម្តងហើយ មកម្តងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមចលនាទីក្រុងស្អាត រម្យណីយដ្ឋានស្អាត និងបៃតង ទាំងអស់គ្នា។

គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទអង្គរវត្ត, តំបន់ឆ្នេរសមុទ្រលាតសន្ធឹង ៤ខេត្តដែលមានប្រវែងសរុប៤៤០គីឡូម៉ែត្រ, រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងតំបន់អេកូទេសចរណ៍។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាឲ្យកើនដល់ចំនួន ១៥លាននាក់នៅ ឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com