ឯកឧត្តម វ៉ាត់ ចំរើន ស្នើឲ្យយុវជនកម្ពុជាដែលត្រៀមចូលរួម កម្មវិធីនាវាអាស៊ាន-ជប៉ុន ផ្សព្វផ្សាយពីការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

(កម្ពុជា)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានស្នើឲ្យយុវជនកម្ពុជា ដែលត្រៀមចូលរួមកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន ផ្សព្វផ្សាយពីសារៈ សំខាន់នៃការត្រៀមខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ក្នុង ដំណើរឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣។ ការស្នើរបស់ ឯកឧត្តមបែបនេះ នៅក្នុងឱកាសសំណេះសំណាលជាមួយក្រុមយុវជនកម្ពុជា នៅទីស្នាក់ការរបស់ខ្លួន ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមបន្ថែមទៀតថាឯកឧត្តមចង់ផ្ញើសារជូនដល់យុវជននានាបន្ថែមនូវការផ្សព្វផ្សាយឲ្យបាន ជ្រួតជ្រាបពីវិស័យកីឡានៅកម្ពុជា ជាពិសេសគឺការត្រៀមខ្លួន ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាជូនដល់យុវជន នានាដែលមកពីបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ាន (កីឡាមាន១១ប្រទេស) និងប្រទេសជប៉ុន ដោយយើង ទាំងអស់គ្នា រួមទាំងយុវជនខ្មែរទាំងអស់កំពុងមានកាតព្វកិច្ចជាតិទាំងអស់គ្នាជួយចែក
រំលែក ជួយផ្ញើសារ ក្នុង ការងារ ស៊ីហ្គេម ឆ្នាំ២០២៣ ជូនដល់មិត្តភ័ក្ត្រជាយុវជនដូចគ្នា ក្នុងឱកាសចូលរួមក្នុងបង្ហាញផ្សព្វផ្សាយវិស័យ វប្បធម៌ ទេសចរណ៍ និងកីឡា នាពេលខាងមុខនេះ។

កម្ពុជាគឺជាស្ថាបនិកស៊ីហ្គេម តាំងពីមាន៦ប្រទេស ប៉ុន្តែ កម្ពុជាមិនទាន់ធ្លាប់ធ្វើស៊ីហ្គេម នៅឡើយទេ ហើយស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រលើកដំបូងរបស់កម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ផងដែរនោះក៏បានស្នើឲ្យយុវជននានា ចូលរួមផ្សព្វផ្សាយពីចំណុចសំខាន់នៃស៊ីហ្គេមនេះ ដោយមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិ ការណ៍ដែលលាងសម្អាតសង្គម ដែលគេយកព្រឹត្តិការណ៍កីឡាមកធ្វើជាឧបករណ៍ជំរុញដល់ការអភិវឌ្ឍសង្គម ព្រមទាំងកែប្រែនូវទម្លាប់របស់ប្រជាជន ដូចជាស៊ីហ្គេម នៅប្រទេសឡាវ ឆ្នាំ២០០៩ បានផ្លាស់ប្តូរផ្នត់គំនិតឲ្យ ទម្លាប់ពីតុងតែងអំពូលភ្លើង, ស៊ីហ្គេម នៅមីយ៉ាន់ម៉ា បានផ្លាស់ប្តូរការហូបស្លា ស្តោះទឹកមាត់ស្លា… រីឯកម្ពុជាក៏ជា ព្រឹត្តិការណ៍កីឡាលាងសម្អាតសង្គមដូចគ្នា ដោយធ្វើឲ្យកម្ពុជាស្អាត ក្នុងនោះមានបរិស្ថាន ការកាត់បន្ថយនូវ បញ្ហាអសកម្មជាច្រើនទៀត ក្នុងសង្គម ក៏ដូចជាយុទ្ធនាការពលរដ្ឋម្នាក់ ឬយុវជនម្នាក់លេងកីឡាមួយមុខ ដើម្បី សុខមាលភាព ដែលជាទូទៅគេដឹងថា ការលេងកីឡាដើម្បីសុខភាព ប៉ុន្តែខ្លឹមសារស៊ីជម្រៅនៃកីឡា គឺ ”ការយក ឈ្នះលើខ្លួនឯង។

តំណាងយុវជនលើកឡើងថាបន្ទាប់ពីបានស្វែងយល់ពីវឌ្ឍនភាពកីឡាកម្ពុជា ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា, យុវជនរូបនេះនឹងប្រាប់ដល់មិត្តភ័ក្ត្រ ក្នុងអាស៊ាន និងយុវជនជប៉ុនពីការរៀបចំស៊ីហ្គេម នៅកម្ពុជា ដោយមិនត្រឹមតែចូលរួមទស្សនា ឬប្រកួតប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកការស្វាគមន៍ដល់យុវជននៃបណ្តាប្រទេស ទាំងនោះឲ្យចូលរួម ក្នុងនាមជាអ្នកស្ម័គ្រចិត្តផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនាវាអាស៊ាន-ជប៉ុន លើកទី៤៦ ឆ្នាំ២០១៩នេះចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលនឹងមានយុវជនចូលរួមច្រើនជាង៣០០នាក់ ដែលធ្វើកម្មវិធីលើកប៉ាល់ ដូចជា ការពិភាក្សា និងការធ្វើការជាក្រុម ការសម្តែងសិល្បៈវប្បធម៌ កីឡា…នៃបណ្តាប្រទេសនានា ហើយក៏មានកម្មវិធីច្រើនទៀតពេលចុះពីលើកប៉ាល់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com