Breaking News៖ ថៃ មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ ឬ​ចូល​ប្រទេស​ថៃ​ឡើយ​

(​ភ្នំពេញ​)៖ ប្រភពពី​ប៉ូលិស​ថៃ បាន​ប្រាប់ Swift News នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ថា ថៃ​បានដាក់​បម្រាម ដោយ​កំណត់ថា នឹងមិន​ចេញ​ទិដ្ឋាការ​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ ឬ​ចូល​ទឹកដី​ថៃ​ឡើយ​។ ថៃ​ក៏បាន​ហាម​មិន​ឲ្យ​ទណ្ឌិត សម រង្ស៊ី ប្រើប្រាស់​ទឹកដី ដើម្បី​ធ្វើ​នយោបាយប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​។

​វិធានការ​របស់​ថៃ ពេលនេះ បានធ្វើ​ឡើង ស្របទៅនឹង​ការឃោសនា​របស់​អតីត​មេដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោកស្រី មូរ សុខ​ហួរ បាន​លើកឡើងថា ក្បាលម៉ាស៊ីន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងធ្វើដំណើរ​មកកាន់​ប្រទេសមួយ​ចំនួន​ហើយ​។​

​ក៏ប៉ុន្តែ​ទោះបីយ៉ាងណា​ក៏ដោយ ប្រភព​បែកធ្លាយ​ផ្ទៃក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ Swift News ដឹងថា លទ្ធភាព​ដែល​ទណ្ឌិត សម រង្ស៊ី មក​កម្ពុជា គឺ​មិនមាន​ទាល់តែសោះ ដោយសារតែ​ទី​១ ចលនា​នៅ​ខាងក្នុង បាន​ផ្តាច់ខ្លួន​ចេញពី​សមរង្ស៊ី ទី​២-​មិនមាន​ទិដ្ឋភាព​អន្តរជាតិ​ណាមួយ គាំទ្រ​សកម្មភាព​ធ្វើ​រដ្ឋប្រហារ​របស់​ទណ្ឌិត សម រង្ស៊ី នោះឡើយ​។

សូមរម្លឹកថា ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​ការបរទេស បាន​បញ្ជូន​ដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួក ទៅកាន់​បណ្តាប្រទេសសមាជិកអាស៊ាន រួចរាល់ហើយ។ ក្នុងនោះ ប្រទេសឡាវ តាមរយៈនាយករដ្ឋមន្ត្រីឡាវ ក៏បានប្រកាសជំហរចំពោះមុខ​សម្តេចតេជោ ហ៊ុន សែន ថា ឡាវមិនអនុញ្ញាត​ឲ្យទណ្ឌិត សម រង្ស៊ី ប្រើប្រាស់​ទឹកដីឡាវ ដើម្បីធ្វើនយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com