សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៊ុលហ្គារី

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល ស្តីពី ទឹក លើក​ទី​៣ នៅ​ប្រទេស​ហុង​គ្រី (3rd Water Summit) និង​ក្រោយពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​សំខាន់ៗ​នៃ​ប្រទេស​ហុង​គ្រី​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស ទៅកាន់​ប្រទេស​ប៊ុលហ្គារី (Bulgaria) ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី លោក បូ​យ​កូ បូរី​សសុ​វ (Boyko Borissov)​។​

​តាម​កម្មវិធី នៅ​ប្រទេស Bulgaria នា​ថ្ងៃទី​១៦ ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក រូ​មិន រ៉ា​ដេ​វ (Rumen Radev) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី និង​មន្ត្រី​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត​នៃ​រដ្ឋាភិបាល Bulgaria ដែល​ក្នុងនោះ ក៏​នឹងមាន​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ និង​ឯកសារ​សំខាន់ៗ​មួយចំនួន​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស ៣ នៅ​អឺរ៉ុប គឺ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី ចាប់ពី​ថ្ងៃទី​១៣ ខែតុលា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com