WORLD CUP 2022 វគ្គជម្រុះ : អ៊ីរ៉ាក់ឡើង មកឈរកំពូលតារាង ក្រោយឈ្នះកម្ពុជា និងអ៊ីរ៉ង់ចាញ់បារ៉ែន រួមលទ្ធផលផ្សេងៗទៀតនៅអាស៊ី

(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ឡើងមកឈរនៅកំពូលតារាងនៃពូល C ការប្រកួតកីឡាបាល់ទាត់ជម្រុះជើងឯកពិភពលោក ២០២២ កាតា និងជើងឯកអាស៊ី ២០២៣ចិន ក្រោយឈ្នះកម្ពុជា ៤ទល់នឹង០ និងអ៊ីរ៉ង់ចាញ់បារ៉ែន ០ទល់នឹង១ ម្សិលមិញ។

ក្រោយលេង៣ប្រកួតម្នាក់ អ៊ីរា៉ក់មាន៧ពិន្ទុ ដូចគ្នា នឹងបារ៉ែន ប៉ុន្តែឈរនៅលេខ១ដោយសារគ្រាប់ខុសគ្នា ចំនែកអ៊ីរ៉ង់លេខ៣មាន៦ពិន្ទុ ខណៈកម្ពុជា និងហុងកុងមាន ១ពិន្ទុដូចគ្នា។

ការប្រកួតបន្ទាប់ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខ អ៊ីរ៉ាក់ទទួលអ៊ីរ៉ង់ និងហុងកុងទទួលបារ៉ែន ចំនែកថ្ងៃទី១៩ ខែដដែល កម្ពុជា លេងក្រៅដីជាមួយហុងកុង និងអ៊ីរ៉ាក់ទទួលបារ៉ែន។

ទៅមើលការប្រកួទក្នុងពូលA ស៊ីរីឡើងមកឈរនៅលេខ១ ក្រោយឈ្នះកោះគាំ ៤ទល់នឹង០ និងចិន បានត្រឹមស្មើជាមួយក្រុមអាស៊ានហ្វីលីពីន ០ទល់នឹង០។ លទ្ធផលនេះធ្វើឱ្យស៊ីរីឈរនៅលេខ១មាន៩ពិន្ទុពេញ បីប្រកួតមិនទាន់ចាញ់ និងចិនលេខ២មាន៧ពិន្ទុ  ហ្វីលីពីនលេខ៣ ម៉ាល់ឌីវលេខ៤ និងហ្គាំលេខ៥។ ថ្ងៃទី១៤ ខែវិច្ឆិកា ម៉ាល់ឌីវទទួលហ្វីលីពីន និងស៊ីរីទទួលចិន ឯ៥ថ្ងៃបន្ទាប់ ម៉ាល់ឌីវ ទទួលកោះហ្គាំ និងស៊ីរី ទទួលហ្វីលីពីន។

ពូល B ក្រុមជម្រើសជាតិអូស្ត្រាលី បន្តគ្រងដំណែងលេខ១ក្នុងពូលមាន៩ពិន្ទុ ពេញ ក្រោយយប់មិញឈ្នះ ឆាយនីសតៃប៉ិន ៧ទល់នឹង១ ក្រៅដី ចំនែកហ្សក់ដានីលេខ២មាន៧ពិន្ទូ ក្រោយឈ្នះនេបាល់ ៣ទល់នឹង០។ គុយវ៉ែត នេបាល់ និងឆាយនីស តៃប៉ិ ឈរនៅលេខ៣ លេខ៤ និងលេខ៥រៀងគ្នា។ ប្រកួតបន្ទាប់ ហ្សក់ដានីប្រកួតជាមួយអូស្ត្រាលីក្នុងដី និងគុយវ៉ែតទទួលឆាយនីសតៃប៉ិ ថ្ងៃទី១៤ ខែវិច្ឆិកា។ ៥ថ្ងៃបន្ទាប់ ហ្សក់ដានីទទួលឆាយនីស តៃប៉ិ និងនេប៉ាល់ ទទួលគុយវ៉ែត។

ការប្រកួតក្នុងពូលD ក្រុមបាល់ទាត់ អូសបែកីស្ថាន ឈរនៅលេខ១មាន៦ពិន្ទុ ក្រោយឈ្នះក្រុមអាស៊ាន សិង្ហបុរី ៣ទល់នឹង១ ខណៈអារ៉ាប៊ី សាអូឌីត ឈរនៅលេខ២ចាញ់អ្នកនាំមុខមួយពិន្ទុ បន្ទាប់ពីស្មើប៉ាឡេស្ទីន ០ទល់នឹង០យប់មិញ។ យ៉ាងណាក៏ដោយបា៉ឡេស្ទីន និងសិង្ហបុរីមាន៤ពិន្ទុដូចគ្នា ​ឯយ៉េមែន មានតែ២ពិន្ទុប៉ុណ្ណោះ។ ខែក្រោយ អារ៉ាប៊ីសាអូឌីត ទទួលអូសបែគីស្ថាន និងយ៉េមែន ទទួលប៉ាឡេស្ទីន។

ពូលE ម្សិលមិញ ម្ចាស់ផ្ទះបាល់ទាត់ពិភពលោកកាតា និងជាជើងឯកអាស៊ី ឈ្នះអូម៉ង់ ២ទល់នឹង១ ខណៈដែលឥណ្ឌា និងប្រទេសជិតខាងខ្លួនបង់ក្លាដេស បានត្រឹមស្មើគ្នា ១ទល់នឹង១។ លទ្ធផលនេះធ្វើឱ្យកាតាឈរនៅលេខ១មាន១០ពិន្ទុ ក្រោយលេងបាន៤ប្រកួត  អូម៉ង់លេខ២មាន៦ពិន្ទុ អាហ្កានីស្ថានលេខ៣មាន៣ពិន្ទុ ឥណ្ឌាលេខ៤មាន២ពិន្ទុ និងបង់ក្លាដេសលេខ៥មាន១ពិន្ទុ។ ប្រកួតបន្ទាប់ខែក្រោយ អាហ្កានីស្ថានលេងជាមួយឥណ្ឌា និងអូម៉ង់ជួបបង់ក្លាដេស។

ពូល F ក្រុមសាម៉ូរ៉ៃខៀវជប៉ុន នៅតែមិនទាន់ចាញ់ក្រោយឈ្នះក្រុមតាហ្ស៊ីគីស្ថាន ៣ទល់នឹង០ ហើយឈរនៅលេខ១មាន៩ពិន្ទុ បន្ទាប់ពីលេងបាន៣ប្រកួត។ ឯកៀហ្ស៊ីស៊ីស្ថាន ឈរនៅលេខ២មាន៦ពិន្ទុ ក្រោយឈ្នះម៉ុងហ្គោលី ២ទល់នឹង១។ ទោះបីចាញ់ ក្រុមតាហ្ស៊ីគីស្ថាន ឈរលេខ៣មាន៦ពិន្ទុ ម៉ុងហ្គោលីលេខ៤ មាន៣ពិន្ទុ និងសហភាពមីយ៉ាន់ម៉ា មិនទាន់មាន១ពិន្ទុទេ។ ប្រកួតបន្ទាប់ មីយ៉ាន់ម៉ាទទួលតាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ទទួលជប៉ុន។

ចំនែកការប្រកួតក្នុងពូល Gដែលប្រមូលផ្តុំដោយក្រុមនៅអាស៊ាន ថៃឈរនៅកំពូលតារាងមាន៧ពិន្ទុ ដូចគ្នានឹងក្រុមវៀតណាម ក្រោយឈ្នះអារ៉ាប់រួម ២ទល់នឹង១ ខណៈវៀតណាមឈ្នះឥណ្ឌូនេស៊ី ៣ទល់នឹង១។ បន្ទាប់ពីចាញ់ថៃអារ៉ាប់រួមឈរនៅលេខ៣មាន៦ពិន្ទុ ម៉ាឡេស៊ីលេខ៤មាន៣ពិន្ទុ និងឥណ្ឌូនេស៊ី ០ពិន្ទុ ក្រោយ៤ប្រកួតចាញ់ទាំង៤។ ប្រកួតបន្ទាប់វៀតណាមទទួលអារ៉ាប់រួម និងម៉ាឡេស៊ីទទួលថៃ។

ដោយឡែកការប្រកួតក្នុងពូល H ម្សិលមិញកូរ៉េទាំងពីរ ខាងជើង និងខាងត្បូង បានត្រឹមតែស្មើគ្នា ០ទល់នឹង០ នៅទីក្រុងព្យុងយ៉ាង។ ចំនែកលីបង់ ឈ្នះស្រីលង្កា ៣ទល់នឹង០។ ក្រោយលេខបាន៣ប្រកួតម្នាក់ កូរ៉េខាងត្បូងលេខ១មាន៧ពិន្ទុ ដូចគ្នាក្រុមលេខ២កូរ៉េខាងជើង លីបង់លេខ៣មាន៦ពិន្ទុ ទែកមីនីស្ថាន លេខ៤មាន៣ពិន្ទុ ឯស្រីលង្កា ០ពិន្ទុ។ ប្រកួតបន្ទាប់លីបង់ទទួលកូរ៉េខាងត្បូង និងទែកមេនីស្ថានទទួលកូរ៉េខាងជើង៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com