កម្ពុជាជំរុញឲ្យក្រុមហ៊ុនឆែក មកដាក់ទុនវិនិយោគនៅកម្ពុជា​ ខណៈ​ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនទាបនៅឡើយ

(ឆែក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិលើកទឹកចិត្តឲ្យក្រុមហ៊ុនឆែក មកសិក្សាពីទីផ្សារកម្ពុជា ដើម្បីពិចារណារការដាក់ទុនវិនិយោគ ដោយកម្ពុជាមានការលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគនានានៅកម្ពុជា។ ការជំរុញរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបែបនេះ ធ្វេីឡេីងខណៈដែលឯកឧត្តមបានចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក។

ក្នុងជំនួបនោះ ប្រមុខដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ខារែល ហាវលីឆេក (Karel Havlicek) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ដើម្បីពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៥៧ និងចាប់ផ្ដើមជាថ្មីនៅឆ្នាំ១៩៩៦។ ឯកឧត្តម បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ន កម្ពុជាកំពុងតែពង្រឹងភាពប្រកួតប្រជែង និងកិច្ចសម្រួលពាណិជ្ជកម្មរបស់ខ្លួន តាមរយៈយន្តការមួយចំនួន ដែលមានគោលបំណងសម្រួលដល់ការធ្វើអាជីវកម្មរបស់វិស័យឯកជន។ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឆែក ទោះបីជាបច្ចុប្បន្ននៅមានចំនួនទាបនៅឡើយគឺក្នុងទំហំ ៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនឆែក មកសិក្សាពីទីផ្សារកម្ពុជា ដើម្បីពិចារណារការដាក់ទុនវិនិយោគ ដោយកម្ពុជាមានការលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគនានានៅកម្ពុជា ហើយក៏បានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឆែក មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ ឆ្លើយតបទៅនឹងការអញ្ជើញនេះ ឯកឧត្តម ខារែល ហាវលីឆេក ក៏បានឯកភាព ហើយនឹងដឹកនាំគណប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកកម្ពុជានៅឆ្នាំ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង