សម្ដេចតេជោ​​​ ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បាន គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់កម្ពុជា

(ហុងគ្រី)៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សមភាគី ហុងគ្រី យ៉ាងច្បាស់ថា អ្វីដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែប​​​នេះ ដើម្បីបង្ហាញពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។

សម្តេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី ដែលធ្វេីឡេីងនៅវិមានប្រធានាធិបតី​ Sándor Palace ក្នុងឱកាសពិភាក្សាការងាររវាងប្រមុខដឹកនាំទាំងពីរ។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ​ ឯកឧត្តមប្រធានាធិបតីហុងគ្រី និងអរគុណដល់រដ្ឋាភិបាលហុងគ្រី ដែលបានអញ្ជើញ​សម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកនៅប្រទេសហុងគ្រី ដែលក្នុងជំនួបនេះ សម្តេចតេជោក៏បានពិភាក្សាជាមួយ​ ឯកឧត្តមប្រធានាធិបតីហុងគ្រី​ ទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងទឹកផងដែរ ដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីព្រឹកមិញនេះ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាទឹកនេះ គឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរ ជាពិសេសវារីអគ្គិសនី ដែលយើងមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងហុងគ្រីផងដែរ ជាពិសេសនៅក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខ។ ហើយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនោះ​ ឯកឧត្តមនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត។

សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសហុងគ្រី ដែលបច្ចុប្បន្ននេះគឺមានចំនួន៣៨នាក់​​​ ហើយពួកគេបាន និងកំពុងបន្ត និងខ្លះបញ្ចប់ការសិក្សា។

ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជា ដោយឯកឧត្តមបានរំឭកថា រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ជាពិសេសទាក់ទងទៅនឹងបញ្ហា EBA នេះ ហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត ហើយ ហុងគ្រី នឹងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាជាបន្តទៀត ដើម្បីមកសិក្សានៅប្រទេសហុងគ្រី ជាបន្តបន្ទាប់ទៀតបន្ទាប់ទៀត។

ទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក ឯកឧត្តមប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះ​ សម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នៅពេលដែល​ ឯកឧត្តម​ អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com