អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សារណៈជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហុងគ្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគ

(ហុងគ្រី)៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសហុងគ្រី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

នៅក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា «ការចុះហត្ថលេខានេះពិតជាមានសារសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានចូលរួមចំណែក លើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ និងវិស័យជាច្រើនទៀត»។

តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ ភាគីទាំងពីរបានរំពឹងថា នឹងជួយបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរថែមទៀត ខណៈបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-ហុងគ្រី មានចំនួនជាង១៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសហុងគ្រី មានទំហំទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិក និងនាំចូលមាន មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក។

សូមជម្រាបថា ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ច និងកិច្ចប្រជ៉ំស្តីពីទឹក របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋហុងគ្រី បន្ទាប់ពីទស្សនកិច្ច នៅប្រទេសឆែករួច។

សូមរំឭកថា ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆេក មុននឹងការអញ្ជើញដល់ប្រទេសហុងគ្រីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងបានចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។

សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com