សមាគមកម្ពុជាការពារអ្នកកាសែត អបអរសាទរឯកឧត្តម ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិទី២

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ សមាគមកម្ពុជាការពារអ្នកកាសែត (ស.ក.ក.អ.ក) បានផ្ញើសារអបអរសាទរ ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អាណត្តិទី២ ដែលមានរយៈពេល៣ឆ្នាំ ដើម្បីបន្តដឹកនាំការងារពង្រឹងគុណភាពសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងលិខិតអបអរសាទរនេះ បានលើកឡើងថា «ឯកឧត្តមជាទីគោរពរាប់អាន ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយមោទនភាព ដែលឯកឧត្តម ត្រូវបានសមាជនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បោះឆ្នោតជ្រើសរើសជាប្រធានសម្រាប់អាណត្តិទី២ (២០១៩-២០២២) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សមាគមកម្ពុជាការពារអ្នកកាសែត (ស.ក.ក.អ.ក) សូមចូលរួមអបអរសាទរ និងជូនពរបវរមហាប្រសើរជូន ឯកឧត្តម ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារីកចម្រើន សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីចូលរួមលើកស្ទួយសេរីភាពសារព័ត៌មាន និងសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត ក៏ដូចជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ជួយគ្នាទៅវិញទៅមក រវាងសមាគមកាសែតនៅកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំនិងមានភាពចាស់ទុំកាន់តែខ្លាំងថែមទៀត»។

លិខិតបានបន្តទៀតថា «នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងតែរីកចម្រើនកាន់តែខ្លាំងឡើង ហើយសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន»។

សូមរំឭកថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ចាប់ផ្តើម រៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ជាលទ្ធផលឯកឧត្តម ហ៊ុយ វណ្ណៈ នៅតែបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាកម្ពុជាសម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត២០ លើ២០។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោល បំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែ ល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធិ ផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូអង្គការស្ថាប័នជាតិ អន្តរជាតិ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com