តើ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវគន្លឹះសំខាន់ៗអ្វីខ្លះទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការ​ទប់​ស្កាត់វិបិត្តទឹក?

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក»បានប្រារព្វពិធីបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅឧទ្យាន Millenaris ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

ពិធីដ៏មានអត្ថន័យនេះ បានប្រារព្វធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Liqun Jin ប្រធានធនាគារវិនិយោគហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ឯកឧត្តម Shri Gajendra Singh Shekhawat រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ​ឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់ មកពីបណ្តាប្រទេសនានាលើសកលលោកជា​ច្រើន​រូប​។

នៅក្នុងសន្និ​សីទដ៏មានសារសំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការទទួលសា្វគមន៍​យ៉ាង​កក់ក្តៅបំផុត ពីសំណាក់ឯកឧត្តមប្រធានាធិបតីហុងគ្រី មុនពិធីបើកកិច្ចប្រជុំកំពូល និងថ្នាក់ដឹក​នាំជាន់ខ្ពស់ នៃបណ្តាប្រទេសនានាដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ។

នៅក្នុងពិធីនោះដែរ បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមប្រធានាធិបតី ហុងគ្រី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងសារវីដេអូ របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការ​ទប់​ស្កាត់វិបិត្តទឹក ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជានិន្នាការនៃការឡើងកំដៅភពផែនដីកំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com