កងទ័ព មិនអាច​អត់អោន​ឱ្យបាន​ជាដាច់ខាត ចំពោះ​ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​!

(​ភ្នំពេញ​)៖ ជាថ្មី​ម្តងទៀត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រា​កស​ថា ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​របស់ខ្លួន តម្រូវឱ្យ​កងយោធពល​ខេមរភូមិន្ទ មិនអាច​អត់អោន​ឲ្យ​បានជា​ដាច់ខាត ពីព្រោះ​ក្រុម​អគតិ​ទាំងនោះ ដែលមាន​ទណ្ឌិត សមរង្ស៊ី ជា​មេខ្លោង ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច ចោទ​ពីបទ​ឧបឃាត កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ បញ្ជាក់ថា “​ក្នុង​បរិបទ​នេះ កងយោធពល​ខេមរភូមិន្ទ ត្រូវតែមាន​កាតព្វកិច្ច​ពេញលេញ ដើម្បី​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់​ទម្រង់​ទាំងអស់​”​។​

​ក្នុង​សេចក្តីប្រកាស អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏បាន​ជម្រាបជូន​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ជ្រាបថា នាពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មួយចំនួន នៅតែមាន​ការយល់ច្រឡំ​អំពី​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ​។ កងយោធពល​ខេមរភូមិន្ទ ដែល​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា មាន​តួនាទី ដូចដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។ ដូច្នេះ​ប្រសាសន៍ និង​បទបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ក្នុងឱកាស​ប្រារព្ធ​ខួប លើក​ទី​២៥ ឆ្នាំ នៃ​ការបង្កើត​កងពល​លេខ ៧០ គឺជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ​បំផុត ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​អនុវត្ត​ជាដាច់ខាត ពីព្រោះ​បញ្ហា​នេះ ទាក់ទង​ទៅនឹង​សន្តិសុខ សន្តិភាព ស្ថិរភាព ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏បាន​បន្ថែមថា បើសិន​ជាមាន​វិវាទ​នយោបាយ​រវាង​គណបក្ស​នយោបាយ និង​គណបក្សនយោបាយ កងយោធពល​ខេមរភូមិន្ទ រក្សា​ជំហរ​អ​ព្យា​ក្រិត​ភាព​របស់ខ្លួន​។ ផ្ទុយទៅវិញ ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​របស់ខ្លួន តម្រូវឱ្យ​កងយោធពល​ខេមរភូមិន្ទ មិនអាច​អត់អោន​ឲ្យ​បានជា​ដាច់ខាត ពីព្រោះ​ក្រុម​អគតិ​ទាំងនោះ ដែលមាន​ទណ្ឌិត សមរង្ស៊ី ជា​មេខ្លោង ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច ចោទ​ពីបទ​ឧបឃាត កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com