​រម្លឹក​ខួប​គម្រប់ ៧​ឆ្នាំ​ សម្តេចតេជោ ហ៊ុន សែន ​​ប្តេជ្ញា​បន្ត​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ

(​ភ្នំពេញ​)៖ ពី​ទឹកដី​អឺរ៉ុប នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី សម្តេច​បាន​ចូលរួម​រម្លឹក​ខួប​គម្រប់ ៧​ឆ្នាំ ដែល​សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២-​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា «​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប ៧​ឆ្នាំ​គត់ ដែល​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត​»​។​

​សម្តេច​តេ​ជោ បន្តថា «​ទោះបី​ព្រះអង្គ បាន​សោយ​ទីវ​ង្គ​តទៅ​ហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូទាំង ប្រទេស នៅ​ចងចាំ ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ​។ ប្រជារាស្ត្រ​ទូទាំងប្រទេស ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន ចំពោះ​ស្នា​ព្រះ​ហ​ស្ថ ព្រះអង្គ​ក្នុងការ​ទាមទារ​ឯករាជ្យ​ជាតិ ពី​បារាំង នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខមាត់​រីកចម្រើន​ជា​បន្តបន្ទាប់ រហូតមកដល់​សព្វថ្ងៃ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ចំពោះ​ជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ ដើម្បី​ផ្តល់​សុខសន្តិភាព ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​ប្រទេសជាតិ​ទាំងមូល​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយព្រះប​រម​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បានតែ​សុខសន្តិភាព​វិបុលភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​»។

សូមរម្លឹកថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃដែលព្រះករុណា អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង ក្នុងពេលអញ្ជើញទៅអមដង្ហែ​ព្រះបរមសពព្រះអង្គ មកកាន់រាជធានីភ្នំពេញ កាលណោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​សច្ចាផ្ទាល់មាត់​នៅចំពោះ​ព្រះភក្ត្រសម្តេចម៉ែ និងព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថា សម្តេចនឹងថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ​ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​ប្រទេសជាតិ​ទាំងមូល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com