តំណាងអយ្យការខេត្តបាត់ដំបង ចោទប្រកាន់មនុស្ស ២នាក់ពាក់ព័ន្ធរឿងរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(បាត់ដំបង)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការសម្រេចចោទប្រកាន់
លើឈ្មោះ សួន ចំរើន ភេទប្រុស អាយុ ៣៩ឆ្នាំ,ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ភេទប្រុស អាយុ ៤៦ឆ្នាំ និងគូកន ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើក្រុមជនត្រូវចោទ និងគូកន បានធ្វើឡើងបន្ទាប់ពីពួកគេធ្វើសកម្មភាពកៀរគរ និងបំផុសបំផុលឲ្យមហាជនទៅរាជធានីភ្នំពេញចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com