ព្រះ​រាជពិធី​រម្លឹក​ខួប​យាង​ចូល​ទិវង្គត គម្រប់ ៧​ឆ្នាំ របស់​សម្តេចព្រះ នរោត្តម សីហនុ ប្រារព្ធ​ព្រះរាជ​ពិធី​នៅ​ព្រះបរមរាជវាំង និង​នៅ​ព្រះ​បរម​រូប​

(​ភ្នំពេញ​)៖ ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១២-​ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ ព្រះ​រាជពិធី​រម្លឹក​ខួប​យាង​ចូល​ទិវង្គត គម្រប់ ៧​ឆ្នាំ របស់​សម្តេចព្រះ នរោត្តម សីហនុ ប្រារព្ធ​ព្រះរាជ​ពិធី​នៅ​ព្រះបរមរាជវាំង និង​នៅ​ព្រះ​បរម​រូប​។

​នៅ​ព្រះ​បរម​រូប​សម្តេចព្រះ នរោត្តម សីហនុ នៅលើ​សួនច្បារ ជិត​វិមានឯករាជ្យ នឹងមាន​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សរុប ៥៦​អង្គភាព ចូលរួម​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់ ៧​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

​តាម​កម្មវិធី​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ពិធី​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ចាប់ផ្តើម​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១៩ ដោយ​ក្រសួងព្រះបរមរាជវាំង មុនគេ ហើយ​បញ្ចប់​នៅ​ម៉ោង ០៩ និង ៤៥​នាទី​។​

​ចំណែក​នៅ​ព្រះបរមរាជវាំង ក៏​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះរាជ​កុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដោយមាន​ការយាង​ចូលរួម​ពី​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ​។

ក្រៅពីនេះ នៅតាមក្រសួងស្ថាប័នជាតិ និងឯកជន ព្រមទាំង​តាមបណ្តាខេត្ត វត្តអារាម ជាដើម ក៏​ប្រារព្ធព្រះរាជពិធី​គោរពព្រះ​វិញ្ញាណក្ខន្ធ និងធ្វើបុណ្យ​តាមប្រពៃណី ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅទូទាំងប្រទេស​ផងដែរ​។

ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល ក៏បានកំណត់​យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ​ ដែលជាថ្ងៃគោរពព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ​។

.​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​៖

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ប្រសូត​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅក្នុង​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ជា​ព្រះ​បុត្រា​របស់​ព្រះបាទ នរោត្តម សុរាម្រិត និង មហាក្សត្រី​យ៍ ស៊ីសុវត្ថិ កុសុមៈ​។​

​នៅ​ឆ្នាំ​១៩៤១ ក្នុង​ព្រះជន្ម ១៨ ព្រះវស្សា ព្រះអង្គ ត្រូវបាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ខណៈ​ព្រះអង្គ​កំពុង​សិក្សា​នៅឯ​ព្រៃនគរ​។
​ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះអង្គ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កម្ពុជា បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង​។​

​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​និវត្តន៍ មកកាន់​រាជធានី​ភ្នំពេញ​វិញ ដោយមាន​សម្តេច ហ៊ុន សែន អម​ព្រះ​ដំណើរ​ដោយផ្ទាល់​។

​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ សម្ដេចព្រះ​នរោត្តម សីហនុ ត្រូវបាន​សភាជាតិ​កម្ពុ​ជា ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ម្ដងទៀត ដែល​ហៅថា សោយរាជ្យ លើក​ទី​២​។ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាស​ដាក់រាជ្យ នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០០៤ ហើយ ១​សប្តាហ៍​ក្រោយមក ក្រុមប្រឹក្សា​រាជបល្ល័ង្គ បាន​ជ្រើសតាំង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះបរមនាថ នរោត្តម សីហមុនី ឡើង​គ្រងរាជ្យ​បន្ត ជា​ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ រហូតដល់​បច្ចុប្បន្ន​។​

​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា​។

​បន្ទាប់ពី​ដង្ហែ​ព្រះ​បរមសព មក​តម្កល់​ធ្វើបុណ្យ នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កម្ពុជា​បាន​កាន់​ព្រះរាជ​មរណទុក្ខ អស់​រយៈពេល ៣ ខែ រហូតដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៣ ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​បូជា នៅ​វាល​ព្រះមេរុ ខាងជើង​ជាប់​ព្រះបរមរាជវាំង​។​

​ក្រោយមក ព្រះ​បរម​រូប​របស់​ព្រះអង្គ កម្ពស់ ៤,៥​ម៉ែត្រ ធ្វើ​ពី​លោហធាតុ ត្រូវបាន​សាងសង់ឡើង នៅលើ​សួនច្បារ មុខ​វិមានឯករាជ្យ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com