តុលាការផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលប្រមាថថ្នាក់ដឹកនាំជាតិលើ Facebook ដាក់ពន្ធនាគារ ១៨ខែ

(ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Swift News តាម Telegram នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះថា តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉ៃ ហុងស្រៀន ដាក់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ ញុះញង់ឲ្យនានការរើសអើង និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា៤៩៦ និងមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា សំណុំរឿងនេះ មានលោក លិ សុខា ជាចៅក្រមជំនុំជម្រះ បានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ម៉ៃ ហុងស្រៀន ភេទប្រុស ជាអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងប្រកាសសាលក្រមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

គួររម្លឹកថា ជនជាប់ចោទឈ្មោះ ម៉ៃ ហុងស្រៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

មូលហេតុដែលសមត្ថកិច្ច ឃាត់ខ្លួនជនជាប់ចោទរូបនេះ ព្រោះតែរូបគេតែងតែបង្ហោះសារលើបណ្តាញសង្គម Facebook វាយប្រហារ និងប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារពីក្រៅប្រទេស (ប្រទេសថៃ)។

សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទបាន នៅពេលរូបគេវិលចូលមកក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួបជុំជាមួយក្រុមអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំផែនការបង្កភាពចលាចលដល់សង្គម និងរៀបគម្រោងផ្សព្វផ្សាយព័ត៌មានភូតកុហក់ឲ្យអតីតសកម្មជន គណបក្សសង្គ្រោះជាតិ រងចាំទទួលទណ្ឌិត សម រង្ស៊ី វិញចូលប្រទេសកម្ពុជាក្នុងខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែគម្រោងរបស់ក្រុមឧទ្ទាម សម រង្ស៊ី ត្រូវបរាជ័យ និងឧក្រិដ្ឋជន សម រង្ស៊ី ក៏មិនបានវិលមកកម្ពុជាតាមសន្យានោះដែរ ពោលគឺការសន្យានោះជាការភូតកុហក់អតីតសកម្មជនរបស់ខ្លួនតែប៉ុណ្ណោះ។

ចុងក្រោយនេះ ក្រុមឧទ្ទាមក្រៅច្បាប់របស់ ឧក្រិដ្ឋជន សម រង្ស៊ី នៅក្រៅប្រទេស និងក្នុងប្រទេស កំពុងធ្វើសកម្មភាពកៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមប្រព្រឹត្តបទឧក្រិដ្ឋធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់ នៅក្នុងឧបាយកលវិលត្រលប់ចូលកម្ពុជានាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com