​ថ្នាក់ដឹកនាំសាធារណរដ្ឋឆែក​ ទទួលស្វាគមន៍​សម្តេចតេជោ​យ៉ាងកក់ក្តៅ​ និងរាក់ទាក់​បំផុត​

(ទីក្រុង​ប្រាក,ឆែក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង​ប្រាក សាធារណរដ្ឋឆែកហើយ នៅព្រឹកថ្ងៃទី១៤ តុលានេះ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និង​​រា​ក់ទាក់​បំផុត​ ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូប​ទៀត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរ​ដោយផ្ទាល់ ពីសមភាគីនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហម ប្រារព្វពិធី ផ្លូវការនៅចំពោះមុខកងកិត្តិយស និងកងត្រែទ័ពនៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋឆែក ប្រកបបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោ ហ៊ុន សែន ដែល​អមដំណើរដោយផ្ទាល់ពីសម​ភាគី​នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis អញ្ជើញធ្វើគារវកិច្ច ស្វាគមន៍ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឆែក និងឥស្សរជនជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។

សូមបញ្ជាក់ថា សាធារណរដ្ឋ​ឆែក មានផ្ទៃក្រឡាទំហំ ៧៨,៨៦៧​ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប​ ​១០,៦៨៦,២៦៩នាក់ គិត​ក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលីក។ ស្ថានភាពសេដ្ឋកិច្ច សាធារណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុបក្នុងស្រុក GDP ៣៧៥,៩ពាន់លានដុល្លាអាមេរិក ក្នុង​នោះ GDP សម្រាប់មនុស្សម្នាក់៣៥,៥០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិត​ផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម​២,៨%។ សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតផលសំខាន់ៗមួយចំនួនដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។

គួររំឭកផងដែរថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋ​សង្គម​និយម​ឆេកូ​ស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃ​ប្រទេស​ទាំងពីរ ត្រូវបាន​កាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនង​ជា​មួយ​នឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការ​ទូត​រវាងកម្ពុជា និងសាធារណ​រដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ​បន្ទាប់ពីប្រទេស​ឆេកូ​ស្លូ​វ៉ា​គី​ បែងចែកជាពីរប្រទេស។

កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ​២០០៦ ព្រះករុណា សម្តេច​ព្រះ​បរមនាថ ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅ​កាន់សាធារណរដ្ឋឆែក ដើម្បី​​ទទួលសញ្ញា​បត្របណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែក៕

អត្ថបទដែលជាប់ទាក់ទង