ជប៉ុនកោតសរសើអត្តចរិត​ និងការខិតខំប្រឹងប្រែងធ្វើការ​របស់បុគ្គលិក​ខ្មែរ ​

(ភ្នំពេញ)៖ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា ឯកឧត្តម​បានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែល​កំពុងដំណើរការនៅប្រទេសកម្ពុជា ដោយពួកគេបានរាយការណ៍ និងកោតសរសើរពីការខិតខំប្រឹងប្រែង​ធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ ពិសេសគឺមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។

ឯកឧត្តមបានបន្ថែមថា នេះក៏មិនខុសពីការលើកឡើងរបស់និយោជក និងតំណាងក្រុមហ៊ុននៅប្រទេ​សជប៉ុន ដែលបានទទួលកម្មសិក្សាការីកម្ពុជា ធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជាជាពន់ពេក។

ការលើកឡើងរបស់ឯកឧត្តម MIKAMI Masahiro ខាងលើ ធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នាថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៩។

ជាមួយគ្នានេះ ឯកអគ្គរាជទូតថ្មីជប៉ុនបានប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។

គួរជម្រាបថា កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា​ និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន​ ២ពាន់នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង