IMF ក្រើនរំឭកពីហានិភ័យនៃកំណើនឥណទានក្នុងវិស័យអចលនទ្រព្យកម្ពុជា

(ភ្នំពេញ)៖ មូលនិធិរូបីយវត្ថុអន្តរជាតិ (International Monetary Fund- IMF) បានកើនរំឭកពីហានិភ័យចំពោះការផ្តល់ឥណទាន នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ដែលស្ថាប័នជំនាញពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ខណៈការផ្តល់កម្ចីដល់អ្នកអភិវឌ្ឍន៍វិស័យនេះ មិនទាន់មានការត្រួតពិនិត្យច្បាស់លាស់ និងមិនទាន់ប្រមូលបានទិន្នន័យផ្លូវការ ស្តីពីតម្លៃអចលនៈទ្រព្យ។

នៅក្នុងរបាយការណ៍របស់មូលនិធិរូបីយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីក្រុមការងារស្ថាប័នវាយតម្លៃហិរញ្ញវត្ថុដ៏ធំមួយនេះ បានសិក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩។

របាយការណ៍ដដែលបានលើកឡើងថា ឥណទានផ្នែកឯកជន ដែលប្រមូលផ្តុំកាន់តែខ្លាំងឡើង នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ត្រូវបានបង្កើនល្បឿន ហើយគេរំពឹងថា នឹងកើនឡើងប្រហែល២៨ភាគរយ នៅក្នុងឆ្នាំ២០១៩។

លោក ចាកកូ ទូរូនិន (Jarkko Turunen) មន្ត្រីជំនាញមូលនិធិរូបីយវត្ថុអន្តរជាតិ ដែលដឹកនាំបេសសកម្មវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា «គួរតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត នៃគោលនយោបាយចាំបាច់ ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុ ដែលកើនឡើង»។

របាយការណ៍បានផ្តល់ជាអនុសាសន៍ថា វិធានការអាទិភាព រួមមានការអនុវត្តគោលនយោបាយជាគោលដៅ ដូចជា កំណត់ការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យ ដែលមានទម្ងន់ហានិភ័យខ្ពស់ ក៏ដូចជាការណែនាំដោយប្រុងប្រយ័ត្នអំពីការកំណត់ប្រាក់កម្ចី គិតជាតម្លៃសរុបដើម្បីដោះស្រាយហានិភ័យទាក់ទងនឹងវិស័យអចលនទ្រព្យ។ ដើម្បីធ្វើឲ្យមានកំណើនឥណទានកម្រិតមធ្យម គួរពិចារណាលើវិធានការម៉ាក្រូដោយប្រុងប្រយ័ត្នបន្ថែមទៀត ដូចជាបង្កើនតម្រូវការបម្រុងជាបណ្តើរៗ លើបំណុលរូបិយប័ណ្ណបរទេស។

ការដោះស្រាយបញ្ហាខ្វះខាតភ្លាមៗនៅក្នុងរបប AML / CFT នឹងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុខណៈពេលការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងការកើនឡើងនៃការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក អាចជួយពង្រឹងភាពធន់ក្នុងរយៈពេលមធ្យម។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារដល់ វិស័យសំណង់ និងអចលនទ្រព្យ នៅត្រឹមដំណាច់ឆ្នាំ២០១៨ មានតម្លៃទឹកប្រាក់សរុបប្រមាណជាង ៥ប៊ីលានដុល្លារអាមេរិក ដែលមានចំណែកដល់ទៅ២៥,៥១ភាគរយ នៃទំហំឥទានសរុប។

ក្នុងនោះការផ្តល់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានតម្លៃទឹកប្រាក់ប្រមាណ១,៩២ប៊ីលានដុល្លារអាមេរិក និងការផ្តល់ឥណទានដល់វិស័យសំណង់ មានតម្លៃទឹកប្រាក់១,៧៨ប៊ីលានដុល្លារអាមេរិក ខណៈការផ្តល់កម្ចីទៅលើផ្នែកជួញដូរអចលនទ្រព្យមានតម្លៃទឹកប្រាក់ប្រមាណ១,៣៧ប៊ីលានដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ទោះបីការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យបន្តមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ៣១ភាគរយ តែឥណទានមិនដំណើរការនៃវិស័យនេះ នៅមានកម្រិតទាប ក្នុងនោះវិស័យសំណង់មានអត្រា៤ភាគរយ ការជួញដូរអចលនទ្រព្យ១,៧ភាគរយ និងឥណទានលំនៅដ្ឋាន០,៨ភាគរយ ដែលបង្ហាញថា ហានិភ័យឥណទានក្នុងវិស័យនេះនៅមានកម្រិតទាប។

យោងតាមបទពិសោធន៍អន្តរជាតិ បានបង្ហាញថា វិស័យអចលនទ្រព្យអាចបង្កប់នូវហានិភ័យខ្ពស់ ដោយសារការប្រែប្រួលថ្លៃនៃវិស័យអចលនទ្រព្យ ជាពិសេស ការឆ្លៀតឱកាសកេងចំណេញ និងហេតុការណ៍ផ្សេងៗ​​​ ដែលក្នុងស្ថានភាពនេះកំណើនទំហំឥណទានទៅកាន់វិស័យអចលនទ្រព្យអាចបង្កជាហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ ប្រសិនបើមិនទាន់មានការគ្រប់គ្រងបានល្អប្រសើរ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានតម្លៃសរុបប្រមាណជាង៣ពាន់លានដុល្លារ កើនឡើងជិត ៦០ភាគរយ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៨៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង